នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខដោយផ្ទាល់ជាមួយបងប្អូនក្រុមការងារសម្របសម្រួលជនភៀសសឹកជាង៣០០នាក់ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មនៅមណ្ឌលសុវត្ថិភាព«ឈក» ដើម្បីជាការលើកទឹកចិត្ត ចំពោះបេសកកម្មដ៏សកម្មនាពេលកន្លងមក។
ឯកឧត្ដម មាន ចាន់យ៉ាដា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ ដែលបានបំពេញភារកិច្ចមិនខ្លាចនឿយហត់ក្នុងការសម្របសម្រួល បម្រើសេវា ក្នុងការផ្តល់ជម្រកសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ។
ឯកឧត្ដម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា «ក្រុមអ្នកសម្របសម្រួលគឺជាបង្អែករបស់ប្រជាពលរដ្ឋជនភៀសសឹក» នៅក្នុងស្ថានភាពដែលបងប្អូនប្រជាពលរដ្ឋចាកឆ្ងាយពីផ្ទះសម្បែង គឺមានតែក្រុមការងារសម្របសម្រួលនេះហើយ ដែលជាអ្នកជួយសម្រាលទុក្ខលំបាក ផ្ដល់ភាពកក់ក្ដៅ និងជួយរៀបចំសណ្ដាប់ធ្នាប់ឱ្យពួកគាត់មានសេចក្ដីសង្ឃឹមឡើងវិញ៕






