នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា សកម្មភាពរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡាផ្តល់ភស្តុតាងបន្ថែមទៀតថា សណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្នកំពុងរលត់ហើយ ខណៈពេលដែលពិភពលោកថ្មីមិនទាន់លេចចេញជារូបរាងពេញលេញនៅឡើយទេ។

លោក បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលរបស់លោក មានបំណងរក្សា «មាគ៌ាសន្តិភាព និងសន្តិសុខ»។
លោក Orban បានលើកឡើង ដោយសំដៅទៅលើប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក ក្រោមការបញ្ជាពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡា លោក Nicolas Maduro ថា «នៅក្នុងថ្ងៃដំបូងនៃឆ្នាំថ្មី សណ្តាប់ធ្នាប់ពិភពលោកសេរីកំពុងស្ថិតក្នុងស្ថានភាពដួលរលំ។
នាយករដ្ឋមន្ត្រីហុងគ្រី បានបន្ថែមថា ការវិលត្រឡប់របស់លោក ត្រាំ ទៅកាន់សេតវិមានកាលពីមួយឆ្នាំមុន បាននាំមកនូវ «ការវាយប្រហារយ៉ាងធ្ងន់ធ្ងរ» ដល់សណ្តាប់ធ្នាប់ពិភពលោកសេរី។

លោក បន្តថា ទោះជាយ៉ាងណាក៏ដោយ ពិភពលោកថ្មីមិនទាន់មានទម្រង់ច្បាស់លាស់នៅឡើយទេ។ ឆ្នាំដែលមិនស្ថិតស្ថេរ មិនអាចទាយទុកជាមុនបាន និងគ្រោះថ្នាក់ជាងនេះទៅទៀតនឹងមកដល់។
គួរបញ្ជាក់ថា អាមេរិក បានចាប់ផ្ដើមប្រតិបត្តិការប្រឆាំងវេណេស៊ុយអេឡា និងបានចាប់ខ្លួនលោកប្រធានាធិបតី ម៉ាឌូរ៉ូ ដែលបង្កការភ្ញាក់ផ្អើលពេញពិភពលោក៕

ដោយ៖ ពេជ្រ
