មន្ត្រី បាននិយាយថា មីស៊ីលរុស្ស៊ី វាយប្រហារសំដៅអគារផ្ទះល្វែងច្រើនជាន់មួយកន្លែងក្នុងទីក្រុង Kharkiv ភាគឦសានប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រ ដោយនាំឱ្យមានការខូចខាត និងមនុស្សយ៉ាងហោចណាស់ ២៥ នាក់រងរបួស។

រូបថត និងវីដេអូដែលបានបង្ហោះ បង្ហាញពីផ្សែងហុយចេញពីតំបន់ដែលមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដោយក្រុមសង្គ្រោះបន្ទាន់ កំពុងប្រតិបត្តិការស្វែងរកមនុស្សដែលជាប់ក្រោមគំនរបាក់បែក។
យោងតាមលោកអភិបាលតំបន់ Oleh Syniehubov បានប្រាប់ទូរទស្សន៍អ៊ុយក្រែនថា របាយការណ៍បឋម អះអាងថា មីស៊ីលផ្លោង ២គ្រាប់ វាយប្រហារចូលបំផ្លិចបំផ្លាញកណ្ដាលក្រុង Kharkiv ។

លោក Syniehubov បាននិយាយថា មនុស្ស ២៥ នាក់បានរងរបួស ដែលក្នុងនោះ ១៦ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈស្ត្រីម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ទីក្រុង Kharkiv ប្រឈមនឹងសមរភូមិក្ដៅគគុក នៅក្នុងសប្តាហ៍ដំបូងនៃការឈ្លានពានរបស់ទីក្រុងមូស្គូ កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ដោយសារកងកម្លាំងរុស្ស៊ី បានផ្តោតលើការដណ្តើមយកតំបន់ភាគខាងកើតនៃប្រទេស ទីក្រុងនេះ បានក្លាយជាគោលដៅវាយប្រហារតាមអាកាសឥតឈប់ឈរ៕

ដោយ៖ ពេជ្រ
