ត្រាំ ព្រមានថាបើមានរបាយការណ៍សម្លាប់បាតុករនៅអ៊ីរ៉ង់ទៀត អាមេរិកនឹងលូកដៃហើយ

ប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក ត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបប្រសិនបើមានការសម្លាប់ក្រុមបាតុករនៅប្រទេសអ៊ីរ៉ង់ ដែលកំពុងធ្លាក់ក្នុងភាពចលាចល។

ទង្វើខាងលើដែលលោក ត្រាំ ព្រមាននេះ ទីក្រុងតេអេរ៉ង់ ចាត់ទុកថាជាការអន្តរាគមន៍ដែលនឹងធ្វើឱ្យតំបន់មានអស្ថិរភាព។

ក្រុមបាតុករ និងកងកម្លាំងសន្តិសុខ បានប៉ះទង្គិចគ្នានៅតាមទីក្រុងជាច្រើននៃប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ដោយមានរបាយការណ៍ថាមានអ្នកស្លាប់ចំនួន ៧ នាក់ ដែលជាការស្លាប់លើកដំបូង ចាប់តាំងពីភាពចលាចលកាន់តែកើនឡើង។

ក្រុមអាជីវករនៅក្នុងរដ្ឋធានីតេអេរ៉ង់ បានធ្វើបាតុកម្ម កាលពីថ្ងៃអាទិត្យ ដោយសារតែតម្លៃទំនិញឡើងថ្លៃ និងស្ថានភាពសេដ្ឋកិច្ចជាប់គាំងកាន់តែរីករាលដាលដែលនាំទៅជាចលនាតវ៉ាជាមួយនឹងការទាមទារនយោបាយដល់តំបន់ផ្សេងទៀត។

លោក ត្រាំ បានបង្ហោះនៅលើវេទិកា Truth Social ថា ប្រសិនបើអ៊ីរ៉ង់ បន្តបាញ់សម្លាប់ក្រុមបាតុករដោយសន្តិវិធី សហរដ្ឋអាមេរិក នឹងមកជួយសង្គ្រោះពួកគេ។ លោក បានបន្ថែមថា យើង ត្រៀមខ្លួនរួចរាល់ហើយ សម្រាប់រឿងនេះ។

ជុំវិញរបាយការណ៍ខាងលើ ប្រមុខស្ថាប័នសន្តិសុខកំពូលរបស់អ៊ីរ៉ង់ លោក Ali Larijani ព្រមានលោក ត្រាំ វិញថា ការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក នៅក្នុងបញ្ហាផ្ទៃក្នុងនេះនឹងមានន័យថាធ្វើឱ្យតំបន់ទាំងមូលអស្ថិរភាព និងបំផ្លាញផលប្រយោជន៍អាមេរិកទាំងមូល។

លោក Larijani បន្តថា ប្រធានាធិបតីអាមេរិក គួរតែយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់ទាហានខ្លួនវិញល្អជាង។

គួរបញ្ជាក់ថា ដោយសារតែវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសអ៊ីរ៉ង់ ទើបនាំឱ្យមានការតវ៉ាពីសំណាក់ហ្វូងអាជីវករ ដែលរីករាលដាលកាន់តែធំ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment