អាជ្ញាធរ បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៧ នាក់ស្លាប់ និង ៩៦ នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ បន្ទាប់ពីទូកដែលដឹកជនអន្តោប្រវេសន៍ជាង ២០០ នាក់ ក្រឡាប់នៅឆ្នេរសមុទ្រនៃតំបន់ North Bank នៃប្រទេសហ្គាំប៊ី។

យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការពារជាតិហ្គាំប៊ី រាយការណ៍ថា ក្រោយទទួលបានការជូនដំណឹងអំពីឧបទ្ទវហេតុនេះ កងទ័ពជើងទឹកហ្គាំប៊ី ចាប់ផ្តើមប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះភ្លាមៗ ដោយសហការជាមួយភ្នាក់ងារសន្តិសុខជាតិ និងភ្នាក់ងារសង្គ្រោះបន្ទាន់។
តាមការបញ្ជាក់ចុងក្រោយ មនុស្ស ៩៦ នាក់ត្រូវបានជួយសង្គ្រោះ ដោយ ៣៩ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និង ៥៧ នាក់ កំពុងទទួលការព្យាបាលនៅមូលដ្ឋានកងទ័ពជើងទឹក។ សាកសពចំនួន ៧ ត្រូវបានរកឃើញ ខណៈក្រុមជួយសង្គ្រោះ កំពុងស្វែងរកអ្នកបាត់ខ្លួន តែមិនដឹងចំនួន៕

ដោយ៖ ពេជ្រ
