ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានចេញសេចក្ដីថ្លែងការណ៍ដោយលើកឡើងថា សមយុទ្ធត្រៀមសង្គ្រាមរបស់ចិននៅជុំវិញតៃវ៉ាន់ «គឺមិនចាំបាច់» ដោយបង្កើនតែភាពតានតឹងនៅក្នុងតំបន់ និងអំពាវនាវឱ្យទីក្រុងប៉េកាំង «បញ្ឈប់សម្ពាធយោធារបស់ខ្លួន»។

អ្នកនាំពាក្យក្រសួងការបរទេស លោក Tommy Pigott បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សកម្មភាពយោធា និងវោហាសាស្ត្ររបស់ចិនចំពោះតៃវ៉ាន់ និងប្រទេសដទៃទៀតនៅក្នុងតំបន់ បង្កើនភាពតានតឹង ដោយឥតប្រយោជន៍។ យើងជំរុញឱ្យទីក្រុងប៉េកាំង អនុវត្តការអត់ធ្មត់ បញ្ឈប់សម្ពាធយោធារបស់ខ្លួនប្រឆាំងនឹងតៃវ៉ាន់ ហើយជំនួសមកវិញ ចូលរួមក្នុងការសន្ទនាដ៏មានអត្ថន័យ។
ទីក្រុងប៉េកាំង បានបាញ់មីស៊ីល និងដាក់ពង្រាយយន្តហោះចម្បាំងរាប់សិបគ្រឿង នាវាកងទ័ពជើងទឹក និងនាវាឆ្មាំឆ្នេរសមុទ្រ កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ កៀកនឹងកោះតៃវ៉ាន់ ដោយថា សមយុទ្ធនេះ សាកល្បងការបិទផ្លូវកំពង់ផែសំខាន់ៗរបស់កោះដែលគ្រប់គ្រងដោយខ្លួនឯង។
ទន្ទឹមនោះ ទីក្រុងតៃប៉ិ បានថ្កោលទោសសមយុទ្ធនេះថាជា “ការញុះញង់យ៉ាងខ្លាំង”។
ប្រទេសចិន អះអាងថា តៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានបដិសេធការបោះបង់ការប្រើប្រាស់កម្លាំង ដើម្បីល្បាតជុំវិញកោះនេះ៕


ដោយ៖ ពេជ្រ
