ហ្វីលីពីន​ ប្រតិកម្មនឹងវត្ដមាននាវាចិន ដែលសង្ងំយកការណ៍នៅដែនទឹកភាគ​ខាងជើង​

ឆ្មាំសមុទ្រ​ហ្វីលីពីន​ រាយការណ៍ពី​ការដាក់​ពង្រាយ​យន្តហោះ​មួយ​គ្រឿង​ កាលពីថ្ងៃ​អង្គារ ដើម្បី​តាមដាន​នាវា​ស៊ើបការណ៍ចិន​មួយ​គ្រឿង​ ដែល​ត្រូវ​បាន​ប្រទះ​ឃើញ​ចម្ងាយ​ប្រហែល ១៩ ម៉ាយ​សមុទ្រ (ប្រហែល ៣៥ គីឡូម៉ែត្រ) ពី​ឆ្នេរ​សមុទ្រ​នៃ​ខេត្ត Cagayan ភាគ​ខាងជើង។

​យោងតាម​ការ​បញ្ជាក់​របស់​ឆ្មាំសមុទ្រ​ហ្វីលីពីន (PCG) បានឱ្យដឹងថា យន្តហោះហ្វីលីពីន បានតាមដាន និងព្យាយាមធ្វើយ៉ាងណាទាក់ទងទៅកាន់នាវានោះ ដើម្បីបញ្ជាក់ថាតើ នាវានោះចូលស៊ើបការណ៍ក្នុងដែនសមុទ្រ​ដោយ​មានការអនុញ្ញាត ឬមិនមានការ​យល់ព្រម​ពី​ទីក្រុង​ម៉ានីល​ ដែល​នេះរំលោភ​លើ​ច្បាប់​ហ្វីលីពីន និង​អន្តរជាតិ ប៉ុន្តែ​មិន​បាន​ទទួល​ការ​ឆ្លើយតប​ទេ។

នាវាស៊ើបការណ៍មុជទឹកជ្រៅប្រវែង ៨៧,២៥ ម៉ែត្រ ដែលបានចាកចេញពីខេត្តហៃណានរបស់ប្រទេសចិន កាលពីដើមខែនេះ ហើយចូលទៅក្នុងផ្នែកខាងលិចនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន បន្ទាប់មកត្រូវបានត្រួតពិនិត្យឆ្ពោះទៅទិសខាងកើតប្រហែល ៥៥,៨ ម៉ាយល៍សមុទ្រ ពីកោះសាន់តាអាណា ខេត្តកាហ្គាយ៉ាន។ នេះបើយោងតាម ​​PCG។

ខេត្តកាហ្គាយ៉ាន ដែលជាខេត្តភាគខាងជើងបំផុតនៃកោះលូហ្សុន ជិតកោះតៃវ៉ាន់ គឺជាទីតាំងមូលដ្ឋានយោធាមួយក្នុងចំណោមមូលដ្ឋានយោធាចំនួនប្រាំបួន ដែលអាចចូលទៅដល់កងកម្លាំងអាមេរិក ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិប្រសើរឡើង (EDCA)។

កាលពីថ្ងៃអង្គារ ប្រទេសចិន បានរៀបចំសមយុទ្ធសង្គ្រាមជុំវិញកោះតៃវ៉ាន់ ដោយបាញ់រ៉ុក្កែតចូលទៅក្នុងដែនទឹកជុំវិញ និងធ្វើត្រាប់តាមការវាយប្រហារ និងការបិទផ្លូវក្នុងសមយុទ្ធដែលមានឈ្មោះថា “បេសកកម្មយុត្តិធម៌ ២០២៥” ដែលចាប់ផ្តើមប៉ុន្មានថ្ងៃ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ប្រកាសលក់កញ្ចប់អាវុធចំនួន ១១,១ ពាន់លានដុល្លារអាមេរិក សម្រាប់ទីក្រុងតៃប៉ិ។

PCG បញ្ជាក់ថា នាវាស៊ើបការណ៍ចិននោះ ត្រូវបានប្រទះឃើញតាមរយៈប្រព័ន្ធរកឃើញនាវាងងឹតដែលមានមូលដ្ឋានលើផ្កាយរណបរបស់ប្រទេសកាណាដា។

ស្ថានទូតចិនប្រចាំទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment