តៃវ៉ាន់ ថានាវាចិនចាកចេញពីដែនទឹកខ្លួនហើយ តែសមយុទ្ធនៅមិនទាន់ប្រកាសបញ្ចប់

តៃវ៉ាន់ នៅតែប្រុងប្រៀបខ្ពស់ដដែល នៅថ្ងៃពុធនេះ បន្ទាប់ពីប្រទេសចិន បានធ្វើសមយុទ្ធយោធាដ៏ធំនៅជុំវិញកោះនេះ កាលពីថ្ងៃមុន ដោយរក្សាមជ្ឈមណ្ឌលឆ្លើយតបបន្ទាន់តាមសមុទ្ររបស់ខ្លួនឱ្យដំណើរការ។ នេះបើយោងតាមប្រធានឆ្មាំឆ្នេរសមុទ្ររបស់កោះ។

សមយុទ្ធដែលមានឈ្មោះថា “បេសកកម្មយុត្តិធម៌ ២០២៥” ប្រទេសចិន បានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ឆ្ពោះទៅកាន់តៃវ៉ាន់ ដាក់ពង្រាយនាវាចម្បាំង និងយន្តហោះមួយចំនួនធំនៅជិតកោះនេះ ដែលជាការបង្ហាញកម្លាំងនាំឱ្យមានការព្រួយបារម្ភពីសម្ព័ន្ធមិត្តលោកខាងលិច រួមទាំងគណៈកម្មការអឺរ៉ុប និងចក្រភពអង់គ្លេស។

ទីក្រុងតៃប៉ិ បានថ្កោលទោសសមយុទ្ធនេះថាជាការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងជាការញុះញង់ដោយចំហ។

យោងតាមលោកស្រី Kuan Bi-ling ប្រធានក្រុមប្រឹក្សាកិច្ចការសមុទ្ររបស់តៃវ៉ាន់ បានឱ្យដឹងថា នាវាចិន កំពុងធ្វើដំណើរចេញពីតៃវ៉ាន់ហើយ ប៉ុន្តែទីក្រុងប៉េកាំង មិនទាន់បានប្រកាសជាផ្លូវការអំពីការបញ្ចប់សមយុទ្ធនេះនៅឡើយទេ។

លោកស្រី បានបន្ថែមថា ស្ថានភាព​ដែនសមុទ្រ​ បាន​ស្ងប់ស្ងាត់​ទៅ​វិញ ដោយ​នាវា និងកប៉ាល់តូចៗ ដកចេញ​ជា​បណ្តើរៗហើយ។ ដោយសារ​ចិន​ មិន​ទាន់​បាន​ប្រកាស​ពី​ការ​បញ្ចប់​សមយុទ្ធ​យោធា មជ្ឈមណ្ឌល​ឆ្លើយតប​បន្ទាន់​នៅ​តែ​ប្រុងជើងការខ្ពស់។

មន្ត្រី​ឆ្មាំ​សមុទ្រ​តៃវ៉ាន់​ម្នាក់​ បាន​ប្រាប់​ឱ្យដឹងថា នាវា​ឆ្មាំ​សមុទ្រ​ចិន​ទាំង ១១ គ្រឿង​ បាន​ចាកចេញ​ពី​ដែនទឹក​ក្បែរ​តៃវ៉ាន់។ មន្ត្រី​សន្តិសុខ​តៃវ៉ាន់​ម្នាក់​បាន​និយាយ​ថា មជ្ឈមណ្ឌល​ឆ្លើយតប​បន្ទាន់​សម្រាប់​យោធា និង​ឆ្មាំ​សមុទ្រ​នៅ​តែ​សកម្ម និងតាមដានយ៉ាងយកចិត្តទុកដាក់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment