ក្រសួងការបរទេសអារ៉ាប់រួម បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អារ៉ាប់រួម ថ្កោលទោសការវាយប្រហាររបស់ទីក្រុងគៀវទៅលើលំនៅដ្ឋានរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នៅក្នុងតំបន់ Novgorod ។

សេចក្តីថ្លែងការណ៍នេះ មានខ្លឹមសារថា អារ៉ាប់រួមបានថ្កោលទោសយ៉ាងខ្លាំងចំពោះការប៉ុនប៉ងលើលំនៅដ្ឋានរបស់លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី ហើយថ្កោលទោសការវាយប្រហារដ៏អាក្រក់នេះ និងការគំរាមកំហែងដែលបង្កឡើងចំពោះសន្តិសុខ និងស្ថិរភាព។
ក្រសួង បានបញ្ជាក់ពីសាមគ្គីភាពជាមួយប្រធានាធិបតីរុស្ស៊ី ក៏ដូចជារដ្ឋាភិបាល និងប្រជាជនរបស់ប្រទេស ដោយបញ្ជាក់ជាថ្មីអំពី ការបដិសេធយ៉ាងដាច់ខាតរបស់អារ៉ាប់រួមចំពោះអំពើហិង្សាគ្រប់ទម្រង់ដែលមានគោលបំណងធ្វើឱ្យខូចសន្តិសុខ និងស្ថិរភាព។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃចន្ទថា នៅយប់ថ្ងៃទី ២៨-២៩ ខែធ្នូ អ៊ុយក្រែន បើកការវាយប្រហារភេរវកម្មទៅលើលំនៅដ្ឋានរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នៅក្នុងតំបន់ Novgorod ដោយប្រើយន្តហោះគ្មានមនុស្សបើកចំនួន ៩១ គ្រឿង។
ទោះជាយ៉ាងណា យន្តហោះគ្មានមនុស្សបើកទាំងអស់ ត្រូវបានបំផ្លាញដោយប្រព័ន្ធការពារដែនអាកាស។ លោក Lavrov បានកត់សម្គាល់ថា មិនមានរបាយការណ៍អំពីអ្នកស្លាប់ ឬការខូចខាតណាមួយឡើយ។ អ្នកការទូតកំពូលរុស្ស៊ីរូបនេះ ក៏បានសង្កត់ធ្ងន់ថា សកម្មភាពនេះជាស្នាដៃរបស់ក្រុងគៀវ ក្នុងអំឡុងពេលការចរចាយ៉ាងស្វិតស្វាញ ដើម្បីដោះស្រាយជម្លោះអ៊ុយក្រែន៕

ដោយ៖ ពេជ្រ
