ខេត្តរតនគិរី÷ ក្នុងមនោសញ្ចេតនាអាណិតស្រឡាញ់ចំពោះវីរយុទ្ធជននៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ឯកឧត្តម ណាប់ ប៊ុនហេង អនុប្រធានកិត្តិយសគណ:កម្មាធិការសាខា និងលោកជំទាវ ឃឹមសុខឃាង ញ៉ែម សំអឿន អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខា បានអញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលបានត្រូវផ្សែងពុលក្នុងសមរភូមិមុខតំបន់អានសេះ និងតំបន់វាលឥន្ទ្រីយ៍ ២រូប កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តរតនគិរី ដើម្បីលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់វីរយុទ្ធជនរបស់យើង។

ឯកឧត្តម ញ៉ែម សំអឿន បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខ និងសុខមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសបងប្អូនជាវីរយុទ្ធជន និងគ្រួសារវីរយុទ្ធជន ដែលបានលះបង់កម្លាំងកាយចិត្ដ បំពេញការងារដោយបេះដូង និងឆន្ទៈខ្ពស់បំផុត ក្នុងការការពារបូរណភាពទឹកដី លះបង់ឈាមស្រស់ សាច់ស្រស់ បូជាជូនជាតិមាតុភូមិ ដោយក្តីមោទនភាពជាទីបំផុត។
ឯកឧត្តម ញ៉ែម សំអឿន ក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងក្រៃលែងចំពោះភរិយា និងក្រុមគ្រួសាររបស់វីរយុទ្ធជន ដែលពិតជាមានការលះបង់ខ្ពស់បំផុតឲ្យកូន ចៅ ឬស្វាមីទៅសមរភូមិមុខ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ពិសេសការគោរពស្ញប់ស្ញែងចំពោះទឹកចិត្តដ៏អង់អាចក្លាហាន ហ៊ានពលិកម្មគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដីជាទីស្នេហានៃយើង និងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូប សូមឆាប់បានជាសះស្បើយឡើងវិញ។

ក្នុងឱកាសដ៏រំភើបឥតឧបមានេះដែរ វីរយុទ្ធជន និងគ្រួសារបានលើកដៃប្រណព្វថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ញ៉ែម សំអឿន ជាពិសេសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច តែងតែគិតគូរពីសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់ប្រជាជនគ្រប់រូប ពោលគឺទីណាដែលមានទុក្ខលំបាក ទីនោះគឺមានបេះដូង និងទឹកចិត្ដសង្គ្រោះរបស់អ្នកម្ដាយមនុស្សធម៌។
សូមបញ្ជាក់ថា វីរយុទ្ធជនដែលរងគ្រោះដោយត្រូវផ្សែងពុលក្នុងសមរភូមិមុខ ចំនួន២រូប នៅតំបន់អានសេះ១នាក់ និងនៅតំបន់វាលឥន្ទ្រីយ៍១នាក់ ដែលកំពុងសម្រាកព្យាបាលនាពេលនេះ ទទួលបាននូវការ ឧបត្ថម្ភ អំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុង១នាក់ទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ រួមនឹងថវិកាសាខា និងថវិការបស់សប្បុរសជនមួយចំនួនទៀតផងដែរ៕





