ក្លិបបាល់ទាត់វិសខា បានធ្វើការរុះរើក្រុមទ្រង់ទ្រាយធំនៅជុំទី ២ ទាំងគ្រូបង្វឹក និង កីឡាករ ឱ្យមានភាពកាន់តែល្អប្រសើរជាងមុន ដើម្បីត្រៀមការប្រកួតប្រជែងលីគកំពូលកម្ពុជា(Cambodian Premier League) រដូវកាល ២០២៥-២០២៦ ជុំទី២ បន្ទាប់ពីជុំទី១ ធ្វើមិនសូវបានល្អ។
គិតត្រឹមខែធ្នូនេះ ក្លិបវិសាខា បានរុះរើក្រុមទ្រង់ទ្រាយធំទាំងគ្រូបង្វឹក និង កីឡាករ រួមមានបញ្ចប់តំណែងគ្រូបង្វឹកសញ្ជាតិ អង់គ្លេស លោក Gerard Jones និងតាំងតែងបុរសសញ្ជាតិ អង់គ្លេស លោក Scott Cooper ជាគ្រូបង្វឹកថ្មី កាលពីថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២៥។
ចំណែកកីឡាករវិញគិតត្រឹមពេលនេះ វិសាខា បានបញ្ចេញកីឡាករបរទេស ២ នាក់ហើយ រួមមានកីឡាករសញ្ជាតិ កេនយ៉ា Benson Ochieng និងខ្សែប្រយុទ្ធស្លាបសញ្ជាតិ ប្រេស៊ីល Breninho ផ្លាស់ទៅកាន់ក្លិប ភ្នំពេញក្រោន ក្នុងលក្ខខណ្ឌខ្ចីជើងកន្លះរដូវកាល។ ជាមួយគ្នានេះ មានកីឡាករសំខាន់ៗប៉ុន្មានរូបទៀត ដែលពួកគេបានបញ្ចេញផងដែរ រួមមានខ្សែបម្រើជនជាតិ អ៊ុយបេគីស្ថាន សញ្ជាតិ ខ្មែរ Alisher Mirzaev ផ្លាស់ទៅ អឹមអូអាយ កំពង់ដេវ៉ា ក្នុងលក្ខខណ្ឌខ្ចីជើង និង គី រីណា ផ្លាស់ទៅកាន់ ណាហ្គាវើលដ៍ ក្នុងលក្ខខណ្ឌខ្ចីជើង ព្រមទាំងកីឡាករវ័យក្មេងមួយចំនួនត្រូវបានខ្ចីជើងទៅក្លិបផ្សេង។
ក្រៅពីបញ្ចេញកីឡាករក្លិបវិសាខា ក៏បានប្រកាសនាំចូលកីឡាករថ្មីកីឡាករបរទេស ៣ រូបផងដែរ រួមមានខ្សែប្រយុទ្ធកណ្តាលសញ្ជាតិ ស៊ែប៉ី Pavle Ivelja ផ្លាស់មកពីក្លិប Cheonan City នៃលីគទី ២ កូរ៉េខាងត្បូង។ ខ្សែបម្រើសញ្ជាតិ ស្កុតលែនដ៍ Scott Allardice ផ្លាស់មកពីក្លិប Ratchaburi FC នៃលីគកំពូលថៃ និងចុងក្រោយនេះខ្សែប្រយុទ្ធស្លាបសញ្ជាតិ ប្រេស៊ីល Lucas Dias ផ្លាស់មកពីក្លិប PSM Makassar នៃលីគកំពូល ឥណ្ឌូណេស៊ី។
សូមជម្រាបថា ការប្រកួតលីគជុំទី ១ Cambodian Premier League រដូវកាល ២០២៥-២០២៦ បានបញ្ចប់ហើយ ខណៈវិសខា ហាក់មិនទទួលបានលទ្ធផលល្អតាមការគ្រោងទុកនោះទេ ដោយបច្ចុប្បន្ន ពួកគេកំពុងឈរនៅលេខរៀងទី ៦ ក្រោយឆ្លងកាត់ ១២ ប្រកួត ឈ្នះ ៣ ស្មើ ៦ និងចាញ់ ៣ មាន ១៥ ពិន្ទុ៕

