បំផ្ទុះគ្រាប់បែកអត្តឃាតដោយបង្កប់ក្រោមរថយន្ត សម្លាប់ឧត្តមសេនីយ៍រុស្ស៊ីម្នាក់នៅទីក្រុងមូស្គូ

ឧត្តមសេនីយ៍រុស្ស៊ីម្នាក់ត្រូវបានសម្លាប់ កាលពីព្រឹកថ្ងៃច័ន្ទ ដោយមានឃាតករលួចបង្កប់គ្រាប់បែកក្រោមរថយន្តរបស់លោកនៅទីក្រុងមូស្គូ ខណៈអ្នកស៊ើបអង្កេត សន្និដានថា អ៊ុយក្រែន អាចនៅពីក្រោយអំពើឃាតកម្មនេះ។

លោកស្រី Svetlana Petrenko អ្នកនាំពាក្យគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី ដែលជាទីភ្នាក់ងារស៊ើបអង្កេតឧក្រិដ្ឋកម្មកំពូលរបស់ប្រទេស បានបញ្ជាក់ពីការស្លាប់របស់លោកឧត្តមសេនីយ៍ឯក Fanil Sarvarov ប្រធាននាយកដ្ឋានបណ្តុះបណ្តាលប្រតិបត្តិការនៃអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធរុស្ស៊ី។

លោកស្រី Petrenko បានឱ្យដឹងថា អ្នកស៊ើបអង្កេតកំពុងបន្តការស៊ើបអង្កេតជាច្រើនទាក់ទងនឹងឃាតកម្មនេះ។ ភាគច្រើនគឺសន្មត់ថា ឧក្រិដ្ឋកម្មនេះ ត្រូវបានរៀបចំឡើងដោយសេវាស៊ើបការណ៍សម្ងាត់អ៊ុយក្រែន។

លោកស្រី បានកត់សម្គាល់ថា ជាងមួយឆ្នាំមុន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក Igor Kirillov ប្រធានកងកម្លាំងការពារនុយក្លេអ៊ែរ ជីវសាស្រ្ត និងគីមីរបស់យោធា ត្រូវបានសម្លាប់ដោយគ្រាប់បែកបង្កប់នៅកង់ស្កូតឺអគ្គិសនីនៅខាងក្រៅអគារអាផាតមិនរបស់លោក។ ជំនួយការរបស់លោក Kirillov ក៏បានស្លាប់ផងដែរ ខណៈពេលនោះ សេវាសន្តិសុខអ៊ុយក្រែន  អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។

គួរបញ្ជាក់ថា ការស្លាប់របស់លោកឧត្ដមសេនីយ៍ Sarvarov គឺជាការបាត់បង់នូវមន្ត្រីជាន់ខ្ពស់យោធាទី ៣ របស់រុស្ស៊ី ក្នុងរយៈពេលមួយឆ្នាំ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment