ក្រឡាប់ឡានក្រុងនៅឥណ្ឌូនេស៊ី បណ្ដាលឱ្យមនុស្សស្លាប់ និងរបួសជាង ៣០នាក់

អាជ្ញាធរមូលដ្ឋាន បានរាយការណ៍ថា មនុស្ស ១៥ នាក់ស្លាប់ និង ១៩ នាក់ផ្សេងទៀតរងរបួស នៅព្រឹកថ្ងៃច័ន្ទនេះ ក្នុងគ្រោះថ្នាក់ចរាចរណ៍ឡានក្រុងក្រឡាប់ នៅចំណុចប្រសព្វនៃច្រកចេញ Krapyak ក្នុងទីក្រុងសេម៉ារ៉ាង ខេត្តជ្វាកណ្តាល ប្រទេសឥណ្ឌូនេស៊ី។

យោងតាមការិយាល័យស្វែងរក និងជួយសង្គ្រោះសេម៉ារ៉ាង បានឱ្យដឹងថា ឡានក្រុងដឹកអ្នកដំណើរ ត្រូវបានគេរាយការណ៍ថាធ្វើដំណើរក្នុងល្បឿនលឿន ខណៈភ្លាមៗក៏បាត់បង់ការគ្រប់គ្រង បណ្តាលឱ្យទៅបុករបាំងផ្លូវ ហើយក្រឡាប់។

លោក Budiono ប្រធានការិយាល័យស្វែងរក និងជួយសង្គ្រោះសេម៉ារ៉ាង បាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះ គឺមានការលំបាក ខណៈជនរងគ្រោះមួយចំនួនជាប់នៅក្នុងឡាន។

ការិយាល័យ បានបញ្ជាក់ថា ជនរងគ្រោះដែលនៅរស់រានមានជីវិតទាំងអស់ត្រូវបានជម្លៀសចេញដោយជោគជ័យ និងបញ្ជូនទៅមន្ទីរពេទ្យក្នុងស្រុក។

ទោះជាយ៉ាងណា អាជ្ញាធរ មិនបានបញ្ជាក់ថា អ្នកដំណើរនៅលើឡានក្រុងដែលជួបគ្រោះថ្នាក់នោះប៉ុន្មាន នោះទេ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment