ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បង្ហាញពីការមិនបោះបង់លទ្ធភាពនៃសង្គ្រាមជាមួយប្រទេសវេណេស៊ុយអេឡានោះទេ ខណៈដែលមន្ត្រីការទូតជាន់ខ្ពស់របស់លោកគឺលោក Marco Rubio បានសន្យា កាលពីថ្ងៃសុក្រថានឹងអនុវត្តការបិទផ្លូវនាវាដឹកប្រេងចេញ-ចូលប្រទេសនេះ។

នៅពេលសួរនៅក្នុងបទសម្ភាសន៍ជាមួយ NBC News ដែលធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍អំពីសង្គ្រាមជាមួយប្រទេសវេណេស៊ុយអេឡា លោក ត្រាំ បាននិយាយច្បាស់ៗថា ខ្ញុំមិនច្រានចោលផែនការនេះទេ។
ទោះជាយ៉ាងណា លោក ត្រាំ បានបដិសេធមិនអធិប្បាយថាតើលោកចង់ផ្តួលរំលំលោកប្រធានាធិបតី Nicolas Maduro ដែរឬទេ។ ប៉ុន្តែលោក និយាយថា “ថ្ងៃរបស់មេដឹកនាំឆ្វេងនិយមរូបនេះគឺជិតមកដល់ហើយ”។
លោក ត្រាំ បានឆ្លើយតបថា ម៉ាឌូរ៉ូ ដឹងច្បាស់ពីអ្វីដែលខ្ញុំចង់បាន។ ម៉ាឌូរ៉ូ ដឹងច្បាស់ជាងអ្នកណាទាំងអស់។
ជាមួយគ្នានោះ លោក Rubio ក៏បដិសេធមិនឆ្លើយបកស្រាយលម្អិត ជុំវិញរបាយការណ៍ដែលថាអាមេរិក ចង់ផ្តួលរំលំរដ្ឋបាលលោក ម៉ាឌូរ៉ូ ផងដែរ។ ប៉ុន្តែលោក ថថជាការពិតណាស់ បច្ចុប្បន្ន ស្ថានភាពរវាងអាមេរិក និងវេណេស៊ុយអេឡា មានភាពតានតឹងជាមួយគ្នា៕

ដោយ៖ ពេជ្រ
