ឯកឧត្តមរដ្ឋមន្ត្រីការបរទេសអាមេរិក ប្រាប់ឱ្យថៃចាត់វិធានការជាក់ស្តែងដើម្បីកាត់បន្ថយភាពតានតឹង

ភ្នំពេញ៖  ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក បានជំរុញឱ្យរដ្ឋមន្ត្រីការបរទេសថៃ ឯកឧត្តម Sihasak Phuangketkeow ចាត់វិធានការជាក់ស្តែង ដើម្បីបន្ថយស្ថានការណ៍តានតឹង  និងឱ្យប្រទេសថៃត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួវិញ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការបរទេសសហរដ្ឋអាម៉េរិក នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសអាម៉េរិក បាននិយាយដូច្នេះជាមួយឯកឧត្តមរដ្ឋមន្ត្រីការបរទេសថៃ ដោយគូសបញ្ជាក់អំពីការព្រួយបារម្ភរបស់អាម៉េរិកទាក់ទងនឹងការបន្តអំពើហិង្សានៅតាមព្រំដែនកម្ពុជា និងបានសង្កត់ធ្ងន់លើតម្រូវការជាបន្ទាន់ដើម្បីកាត់បន្ថយភាពតានតឹង។ 

យោងតាមសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ថៃបានរំលោភលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពនៅទីក្រុងគូឡាឡាំពួរ ដោយបានបើកការឈ្លានពានកម្ពុជា ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ និងបានបាញ់ប្រហារ ព្រមទាំងទម្លាក់គ្រាប់បែក ដោយអាវុធធុនធ្ងន់គ្រប់ប្រភេទ និងយន្តហោះ F-16 លើមូលដ្ឋានស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនានាក្នុងដែនអធិបតេយ្យភាពកម្ពុជាជាច្រើនកន្លែង ដែលបណ្តាញឱ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាស្លាប់ ១៨នាក់ និងរបួស ៧៩នាក់ (ទារក ០១នាក់) រួមជាមួយជនភៀសសឹកជាង ៤៩ម៉ឺននាក់ (គិតត្រឹមព្រឹកថ្ងៃទី១៩ ខែធ្នូ) បានភៀសខ្លួនទៅទីតាំងសុវត្ថិភាព។

កម្ពុជា សម្រេចចិត្តបាញ់តបតទៅវិញ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី បន្ទាប់ពីព្យាយាមអត់ធ្មត់អស់ជាង២៤ម៉ោង។(AKP)

Written by 

Related posts

Leave a Comment