ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អះអាង កាលពីថ្ងៃព្រហស្បតិ៍ថា លោក មិនត្រូវការការយល់ព្រមពីសភាដើម្បីបើកការវាយប្រហារលើដីគោកប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡាទេ ទោះបីជាមានការរិះគន់ថា លោក កំពុងធ្វើលើសពីសិទ្ធិអំណាចរដ្ឋធម្មនុញ្ញ តាមរយៈការវាយប្រហារនៅលើសមុទ្រក៏ដោយ។

ថ្លែងចំពោះមុខអ្នកយកព័ត៌មាន ជុំវិញបញ្ហានេះ លោក ត្រាំ និយាយថា វាមិនមានបញ្ហាអ្វីឡើយ បើទោះបីជាយើងមិនជម្រាបផែនការនេះទៅសភា ហើយក៏មិនចាំបាច់មានការយល់ព្រមពីសភា ឬមិនយល់ព្រមនោះដែរ។
សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារតាមអាកាសច្រើនលើកច្រើនសារចាប់តាំងពីខែកញ្ញាមក ប្រឆាំងនឹងទូកដែលចោទប្រកាន់ថាជួញដូរគ្រឿងញៀននៅក្នុងតំបន់ Caribbean និងប៉ាស៊ីហ្វិក ដែលបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ ៩៩ នាក់ និងជំរុញឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុកអំពីភាពស្របច្បាប់នៃប្រតិបត្តិការនេះ។
ទន្ទឹមនោះ ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro អះអាងថា យុទ្ធនាការរបស់សហរដ្ឋអាមេរិក គឺស្វែងរកការផ្លាស់ប្តូររបបនៅក្រុងការ៉ាកាស មិនមែនបង្ក្រាបគ្រឿងញៀនទេ៕

ដោយ៖ពេជ្រ
