មូលនិធិចិនដើម្បីអភិវឌ្ឍជនបទផ្តល់ កញ្ចប់ផែនដា និងកង់ចំនួន​២៥០០​គ្រឿង សម្រាប់ចែកដល់សិស្សានុសិស្សនៅតាមសាលាចំនួន១២៨ ស្ថិតនៅរាជធានីភ្នំពេញ និងខេត្តចំនួន១២

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការគាំទ្រពីទីស្តីការគណៈរដ្ឋមន្ត្រី និងស្ថានទូតចិនប្រចាំកម្ពុជា មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ (CFRD) បានផ្តល់អំណោយឆ្នាំ២០២៥ នូវកញ្ចប់ផែនដា ចំនួន២១៦០០   និង កង់ចំនួន២៥០០គ្រឿង ជូនដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្នុងការបែងចែកដល់សិស្សានុសិស្សសិក្សា នៅតាមសាលា ចំនួន១២៨ ដែលមានទីតាំង នៅរាជធានីភ្នំពេញ និងខេត្តចំនួន១២។

ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានថ្លែងថា ពិធី នាថ្ងៃនេះ មិនត្រឹមតែជាសកម្មភាពសង្គមមនុស្សធម៌ រវាងសង្គមស៊ីវិល នៃប្រទេសយើងទាំងពីរ កម្ពុជា-ចិន ប៉ុណ្ណោះទេ ថែមទាំងជាវេទិកាសំខាន់មួយ ក្នុងការពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជន កម្ពុជា-ចិន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមិត្តភាពដែកថែប រវាងប្រទេសយើងទាំងពីរ។ តាមរយៈកិច្ចសហការជាមួយ CFRD បានបង្កើនកម្លាំងកាន់តែខ្លាំងក្លា ដល់ចំណងមេត្រីភាព ដល់គ្រួសារសង្គមស៊ីវិល ហើយពន្លាតការអនុវត្តគម្រោងជាច្រើន បំពេញបានតម្រូវការជាក់ស្តែង នៅនឹងមូលដ្ឋាន ជាពិសេស ក្នុងវេលានេះ សិស្សានុសិស្ស នៅតាមបណ្តោយជាយដែនកម្ពុជា-ថៃ កាន់តែមានតម្រូវការខ្ពស់។

លោក Wu Peng ប្រធាននាយកដ្ឋានអន្តរជាតិសម្រាប់ការអភិវឌ្ឍ នៃ CFRD បានថ្លែងថា ចាប់ពីដើមឆ្នាំ២០១៨ មក ក្នុងកិច្ចសហការ ជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល, សង្គមស៊ីវិលទាំងពីរបានរួមគ្នាបរិច្ចាគកញ្ចប់ផែនដា សរុបចំនួន ២០៣,៩០០កញ្ចប់ និងកង់ចំនួន ៧,៥២៤ គ្រឿង ដល់សិស្សានុសិស្សកម្ពុជា ដែលផ្តល់អត្ថប្រយោជន៍ដល់សិស្សានុសិស្ស ប្រមាណ ២១០,០០០ នាក់ នៅទូទាំងប្រទេសកម្ពុជា។

ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានសាទរនឹងសមិទ្ធផលជាច្រើន ដែលបានលេចចេញពីកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរ កម្ពុជា-ចិន ដោយមានវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាស្ពាន។ ក្រោមយន្តការដែលមានស្រាប់ ឯកឧត្តមបានបន្តការលើកទឹកចិត្តដល់សង្គមស៊ីវិលនានា របស់ប្រទេសចិន ក្នុងបេសកកម្មអនុវត្តគម្រោងនានាជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលផ្តល់ផលប្រយោជន៍ជាក់ស្តែង និងបំពេញបាននូវតម្រូវការជាមូលដ្ឋាន ដល់ប្រជាជនកម្ពុជា។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា ក្នុងបរិបទទំនាក់ទំនងអន្តរជាតិ កញ្ចប់ Panda នេះរួមចំណែកជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការកម្ពុជា–ចិនក្នុងក្របខណ្ឌសហគមន៍ជោគវាសនារួម កម្ពុជា–ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី និង ស្របតាមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដែលផ្តោតលើការអភិវឌ្ឍ ប្រកបដោយភាពបើកចំហ ផលប្រយោជន៍រួមគ្នា និងចីរភាព ដោយយកប្រជាជនជាអាទិភាពស្នូល។

តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា ឯកឧត្តមក៏បានស្នើដល់រដ្ឋាភិបាលចិន បន្តកៀរគរជំនួយមនុស្សធម៌ តាមលទ្ធភាពដែលអាចធ្វើទៅបាន ជួយដល់ប្រជាជនកម្ពុជា រាប់សែននាក់ ត្រូវបង្ខំចិត្តភៀសសឹក មកកាន់ទីសុវត្ថិភាព ក្នុងកាលៈទេសៈដ៏លំបាក ដែលកម្ពុជាកំពុងរងការឈ្លានពាន។ ឯកឧត្តមក៏បានរំលេចពីតួនាទីរបស់ប្រទេសចិន ដែលបានជួយជ្រោមជ្រែង ជំរុញឱ្យមានការឈប់បាញ់ និងការស្តារឡើងវិញនូវសន្តិភាពពិតប្រាកដ និងយូរអង្វែងដែលជាគុណតម្លៃមិនអាចខ្វះបានសម្រាប់ប្រទេស និងប្រជាជនកម្ពុជា៕

Written by 

Related posts

Leave a Comment