ខេត្តរតនគិរី÷ អាជ្ញាធរក្រុងបានលុងចុះរៀបចំសណ្តាប់ធ្នាប់នៅក្នុងក្រុង ឬនៅជុំវិញបរិវេណផ្សារបានលុង ដែលប្រជាពលរដ្ឋនិងអាជីវករលក់ដូរទាំងនោះបានយកចំណីផ្លូវនៅលើការូឡារបស់រដ្ឋ ធ្វើជាអាជីវកម្មផ្ទាល់ខ្លួន គ្មានរបៀបរៀបរយនិងបាត់សោភណ្ឌភាពក្នុងក្រុង។

ការរៀបចំសណ្ដាប់ធ្នាប់នេះបានធ្វើឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ លោកអភិបាលក្រុងបានលុង បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះចុះរៀបចំសណ្តាប់ធ្នាប់នៅក្នុងក្រុង ដែលប្រជាពលរដ្ឋនិងអាជីវករលក់ដូរនៅលើចំណីផ្លូវការូឡា សម្រាប់ទុកឲ្យប្រជាពលរដ្ឋដើរថ្មើរជើងដោយធ្វើឲ្យបាត់បង់សោភណ្ឌភាពនៅក្នុងក្រុង។
លោក ធូ ឃឿ អភិបាលក្រុងបានលុង បានបញ្ជាក់ប្រាប់តាមប្រព័ន្ធតេលេក្រាមនៅរសៀលថ្ងៃទី១២ធ្នូនេះថា បញ្ហារៀបចំសណ្ដាប់ធ្នាប់នៅក្នុងក្រុងលោកបានធ្វើជាច្រើនដងមកហើយ ប៉ុន្តែប្រជាពលរដ្ឋនិងអាជីវករនៅតែមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរក្រុងឡើយ ពោលដូចវែកចកនៅកណ្តាលបឹងអញ្ចឹង ក្រោយពីបានចុះណែនាំរួចមកបានរយ:ពេល២ទៅ៣ថ្ងៃក្រោយមកនៅតែដដែល។ដូចជាអ្នកលក់ផ្លែឪឡឹកនិងជនជាតិវៀតណាមដែលលក់ផ្លែឈើនៅខាងមុខផ្សារជាដើម។

លោកអភិបាលក្រុងបានលុងបានសំណូមពរទៅដល់ប្រជាពលរដ្ឋទាំងអស់មេត្តាទុកចំណីផ្លូវការូឡាពីរម៉ែត្រ សម្រាប់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ទាំងអស់គ្នា សម្រាប់សាធារណៈជន កុំយកធ្វើជាឯកជនណាមួយនាំឲ្យខូចសោភណ្ឌភាពក្នុងក្រុង ហើយអាជ្ញាធរក្រុងនិងសង្កាត់បានចាត់វិធានការក្តៅ បានរឹបអូសយកសម្ភាររបស់គាត់មករក្សាទុកនៅសាលាក្រុងដោយមិនប្រគល់ឲ្យពួកគាត់វិញនោះទេ។
សូមបញ្ជាក់ថា អាជ្ញាធរខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ រាល់មួយថ្ងៃម្ដងថ្ងៃចុងសប្តាហ៍ បានធ្វើអនាម័យនៅតាមទីធ្លា ឬនៅតាមដងផ្លូវជាតិបានបោះសំអាតសំរាមដែលរាយប៉ាយនៅលើផ្លូវ និងនៅលើការូឡាក្បែរមន្ទីរអង្គភាពរបស់ខ្លួន ដើម្បីប្រកួតប្រជែងទីក្រុងស្អាត បរិស្ថានល្អមិនមានសំរាម៕


