នៅព្រឹកថ្ងៃពុធនេះថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ដើម្បីទម្លាក់គ្រាប់បែកមកលើកម្ពុជានៅលើតំបន់មួយចំនួនក្នុងទឹកដីខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឲ្យដឹងថា នៅវេលាម៉ោង៩ និង៥០នាទីព្រឹក យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន២គ្រាប់ លើភូមិស្លក្រាម ក្នុងខេត្តបន្ទាយមានជ័យ។
សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា ក្រៅពីគ្រាប់បែកទាំងពីរគ្រាប់នេះ យោធាថៃក៏បានប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកនៅតំបន់ជាច្រើនទៀតក្នុងខេត្តព្រះវិហារ ក្បែរតំបន់ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក។
នេះជាថ្ងៃទីបីជាប់គ្នាហើយដែលយោធាថៃបានបើកការវាយប្រហារមកលើប្រទេសកម្ពុជាដោយប្រើយន្តហោះ F-16 យន្តហោះគ្មានមនុស្សបើក និងកាំភ្លើងធំរយៈចម្ងាយឆ្ងាយ ដោយបានសម្លាប់ជនស៊ីវិលកម្ពុជាយ៉ាងហោចណាស់៧ នាក់ និងរងរបួសជាច្រើននាក់ទៀត។
គិតត្រឹមថ្ងៃទី៩ ខែធ្នូ ប្រជាពលរដ្ឋខ្មែរជាង ១០១.០០០នាក់ ដែលរស់នៅក្នុងខេត្តចំនួន ៥ ត្រូវបានជម្លៀសចេញ។ ក្រៅពីនេះ សាលាចំនួន ៥១៤ ត្រូវបានបិទទ្វារ ដែលធ្វើឲ្យប៉ះពាល់ដល់សិស្សជាង ១៣ ម៉ឺននាក់ និងគ្រូបង្រៀនជិត ៥ ពាន់នាក់។

