ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បាននិយាយថា ឯកឧត្តមមានគម្រោងទូរស័ព្ទជួបជាមួយមេដឹកនាំកម្ពុជា និងថៃ បន្ទាប់ពីជម្លោះព្រំដែនបានផ្ទុះឡើងសាជាថ្មី។
គម្រោងនៃការហៅទូរស័ព្ទនេះត្រូវបានចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ។
ឯកឧត្តមប្រធានាធិបតីត្រាំ បានបញ្ជាក់ថា៖ «នៅថ្ងៃស្អែក (ថ្ងៃពុធ ម៉ោងនៅសហរដ្ឋអាម៉េរិក) ខ្ញុំនឹងទូរស័ព្ទជួបជាមួយមេដឹកនាំប្រទេសទាំងពីរ។ ខ្ញុំនឹងបើកកិច្ចពិភាក្សាតាមទូរស័ព្ទ ដើម្បីបញ្ឈប់សង្រ្គាមរវាងប្រទេសពីរ»។
សូមរំលឹកថា ថៃបានបើកការបាញ់ប្រហារ និងទម្លាក់គ្រាប់បែក ដោយមិនរើសមុខ មិនរើសទីតាំង ដើម្បីឈ្លានពានបូរណភាពទឹកដីកម្ពុជា ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបណ្តាលឱ្យជនស៊ីវិលកម្ពុជា ស្លាប់ និងរបួស ព្រមទាំងជនភៀសសឹករាប់ម៉ឺននាក់បានភៀសខ្លួន ខណៈដែលកម្ពុជាបានប្រើសិទ្ធិការពារខ្លួន ការពារអធិបតេយ្យភាពជាតិ តបតទៅវិញ។(AKP)

