យ៉ាងហោចណាស់មនុស្ស ៣០ នាក់បានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៥ រ៉ិចទ័រ វាយប្រហារភាគឦសានប្រទេសជប៉ុន កាលពីយប់ថ្ងៃចន្ទ ដែលបង្ខំឱ្យមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញ។

ទីភ្នាក់ងារឧតុនិយមជប៉ុន បានរាយការណ៍ថា ការរញ្ជួយដីនេះ កើតឡើងនៅម៉ោង ២៣ និង ១៥ នាទីយប់ (ម៉ោងក្នុងស្រុក) នៅជម្រៅ ៥០ គីឡូម៉ែត្រ (៣១ ម៉ាយ) ចម្ងាយប្រហែល ៨០ គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃតំបន់ Aomori។
ការរញ្ជួយនេះ ក៏នាំឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ ដែលគេប៉ាន់ស្មានថាអាចមានកម្ពស់ ៧០ សង់ទីម៉ែត្រ (២៧ អ៊ីញ) ។

ជាលទ្ធផល ក្រោយការរញ្ជួយនេះ សេវាកម្មរថភ្លើងមួយចំនួនត្រូវបានផ្អាក ហើយផ្ទះរាប់ពាន់ខ្នងគ្មានអគ្គិសនីប្រើប្រាស់។
អាជ្ញាធរ ក៏បានព្រមានផងដែរថា ការរញ្ជួយដីខ្លាំងជាងនេះអាចកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដោយជំរុញឱ្យប្រជាជនប្រុងប្រយ័ត្នខ្ពស់យ៉ាងហោចណាស់មួយសប្តាហ៍។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៕

ដោយ៖ ពេជ្រ
