សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើការសួរសុខទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបាននិងកំពុងឈរជើងការពារទឹកដីដ៏អង់អាចក្លាហានដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកចោរឈ្លានពានទឹកដី

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារតាមបណ្តាញសង្គមផ្លូវការដែលមានខ្លឹមសារទាំងស្រុងថា៖ សូមផ្តាំផ្ញើការសាកសួរសុខទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបាននិងកំពុងឈរជើងការពារទឹកដីដ៏អង់អាចក្លាហានដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកចោរឈ្លានពានទឹកដី។

សូមចូលរួមការលំបាកជាមួយបងប្អូនប្រជាជនភៀសសឹកទាំងអស់ដែលភៀសខ្លួនដោយសារពួកចោរឈ្លានពាន។

សូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជាសម្ភារៈថវិកាតាមរយៈរាជរដ្ឋាភិបាលក៏ដូចជាសប្បុរសជនដែលបានយកទៅចែកជូនផ្ទាល់ដល់កងកម្លាំងប្រដាប់អាវុធនិងបងប្អូនជនភៀសសឹក។

សម្តេចបន្តថា៖ ខ្ញុំបានឃើញសំណូមពរយុទ្ធជនម្នាក់ពីសមរភូមិថាសុំជួយជាអំបុកល្អជាងជួយជាមី។ខ្ញុំយល់ថាសំណូមពរនេះសមហេតុសមផលតែខ្ញុំយល់ថាការផ្តល់ជាមីនៅតែបន្តជាមួយនឹងការផ្តល់អំបុកបន្ថែម។

ស្រូវថ្មីកំពុងច្រូតកាត់សូមបងប្អូនសប្បុរសជនជួយទិញស្រូវធ្វើអំបុកឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពឬជនភៀសសឹក។

សម្រាប់ការវេចខ្ចប់គួរធ្វើត្រឹមមួយកញ្ចប់១គីឡូឬ២គីឡូសម្រាប់យុទ្ធជនម្នាក់ៗយកតាមខ្លួន។ប្រសិនដាក់ជាបាវឬការ៉ុងលំបាកដល់ការចែកចាយនៅខ្សែត្រៀមជួរមុខ។

 សម្តេចបញ្ចប់សារដោយពាក្យមួយឃ្លាដែលមានខ្លឹមសារចាក់ដោតថា “ ទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន”។

Written by 

Related posts

Leave a Comment