ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីមានរបាយការណ៍ពីការផ្ទុះអាវុធ និងមានការប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក នៅព្រំដែនកម្ពុជា-ថៃ

“យើងមានការព្រួយបារម្ភយ៉ាងខ្លាំងពាក់ព័ន្ធនឹងរបាយការណ៍នៃការប៉ះទង្គិចប្រដាប់អាវុធជាថ្មីរវាងកម្ពុជា-ថៃ។ យើងជំរុញឱ្យមានការអត់ធ្មត់ខ្ពស់ និងការសន្ទនាដើម្បីដោះស្រាយជម្លោះព្រំដែន”។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញនេះ។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ឯកឧត្តមអគ្គលេខាធិការ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍នៃការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធជាថ្មីរវាងកម្ពុជា និងថៃ ជាពិសេសការវាយប្រហារតាមអាកាសដែលបានរាយការណ៍ និងការចល័តឧបករណ៍ធុនធ្ងន់នៅតំបន់ព្រំដែន។  ដោយឯកឧត្តមអគ្គលេខាធិការជំរុញឱ្យភាគីទាំងពីរអត់ធ្មត់ខ្ពស់ និងចៀសវាងការបង្កើនភាពតានតឹងបន្ថែមទៀត។

វិវាទព្រំដែនរវាងកម្ពុជា និងថៃបានបណ្តាលឲ្យមានជនស៊ីវិលស្លាប់ និងរបួសយ៉ាងច្រើនសន្ធឹកសន្ធាប់រួចមកហើយ រួមទាំងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងនាំឱ្យមានការភៀសខ្លួនរបស់ជនភៀសសឹកទាំងសងខាង។  ឯកឧត្តម អគ្គលេខាធិការ បានសង្កត់ធ្ងន់ថា៖ “ភាគីទាំងពីរត្រូវតែការពារជនស៊ីវិល និងជួយសម្រួលដល់ការជួយសង្គ្រោះមនុស្សធម៌”។

បន្ថែមពីលើនេះ ឯកឧត្តមអគ្គលេខាធិការ បានរំលឹកឡើងវិញនូវការអំពាវនាវរបស់ឯកឧត្តមដល់ភាគីឱ្យត្រឡប់ទៅអនុវត្តក្របខ័ណ្ឌនៃសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា និងប្តេជ្ញាចិត្តឡើងវិញចំពោះបទឈប់បាញ់ និងអនុវត្តវិធានការកាត់បន្ថយការកើនឡើងនៃភាពតានតឹង និងការកសាងទំនុកចិត្តឡើងវិញ។  ឯកឧត្តម ក៏បានអំពាវនាវឲ្យភាគីទាំងពីរប្រើប្រាស់គ្រប់យន្តការទាំងអស់សម្រាប់ការសន្ទនា ដើម្បីស្វែងរកដំណោះស្រាយយូរអង្វែងនៃជម្លោះតាមរយៈមធ្យោបាយសន្តិវិធី។

ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ផងដែរថា អង្គការសហប្រជាជាតិ ត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង សំដៅលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់។

សូមរម្លឹកថា ថៃបានបើកការបាញ់ប្រហារ ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ បន្តរហូតដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះ និងមិនទាន់បញ្ឈប់នៅឡើយ ដែលបណ្តាញឱ្យមានការស្លាប់ និងរបួសយោធិន ជនស៊ីវិលកម្ពុជា រួមជាមួយជនភៀសសឹកជាច្រើនម៉ឺននាក់ បានភៀសខ្លួនទៅទីតាំងសុវត្ថិភាព និងខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនកន្លែង។(AKP)

Written by 

Related posts

Leave a Comment