ភ្នំពេញ៖ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥“រដ្ឋាភិបាលអូស្ត្រាលីមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងរបាយការណ៍នៃការស្លាប់ទាំងជនស៊ីវិល និងយោធា”។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងពាណិជ្ជកម្ម នៃប្រទេសអូស្រ្តាលី នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់ផងដែរថា៖ “យើងអំពាវនាវឱ្យភាគីទាំងពីរគោរពតាមកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយអនុវត្តការអត់ធ្មត់ជាអតិបរមា និងចាត់វិធានការជាបន្ទាន់ដើម្បីកាត់បន្ថយស្ថានការណ៍”។
ជាមួយគ្នានេះ “យើងស្នើឱ្យភាគីទាំងពីរអនុវត្តការប្តេជ្ញាចិត្តអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព ទីក្រុងគូឡាឡាំពួ ដែលសម្របសម្រួលដោយឯកឧត្តមប្រធានាធិបតី Trump និងឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ក្នុងឋានៈជាប្រធានអាស៊ាន ដើម្បីកសាងទំនុកចិត្តឡើងវិញ ហើយបន្តការដោះស្រាយដោយសន្តិវិធី និងនិរន្តរភាពចំពោះជម្លោះព្រំដែន”។
សូមរម្លឹកថា ថៃបានបើកការបាញ់ប្រហារ ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ បន្តរហូតដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះ និងមិនទាន់បញ្ឈប់នៅឡើយ ដែលបណ្តាញឱ្យមានការស្លាប់ជនស៊ីវិល ៧នាក់ បានស្លាប់ និងរបួស ២០នាក់ រួមជាមួយជនភៀសសឹកជាច្រើនម៉ឺននាក់ បានភៀសខ្លួនទៅទីតាំងសុវត្ថិភាព និងខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនកន្លែង។(AKP)

