អភិបាលខេត្តបើកសម្ពោធការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ៧៨-៥ ប្រវែង៤,១០០ម៉ែត្រដើម្បីសម្រួលដល់ពលរដ្ឋដឹកកសិផលទៅទីផ្សារ

ខេត្តរតនគិរី÷: ពិធីបើកសម្ពោធការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ៧៨-៥ ប្រវែង៤,១០០ម៉ែត្រជាប្រភេទគ្រឹះថ្មម៉ិចនិងក្រាលផ្លូវកៅស៊ូ(DBST)កម្មវិធីនេះបានប្រព្រឹត្តធ្វើឡើងនៅក្នុងឃុំប៉ូយ ស្រុកអូរជុំ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានលើកឡើងថា ទាំងរូបខ្ញុំផ្ទាល់ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី ពិតជាមានមរណភាពក្រៃលែង និងមានការអបអរសាទរដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានសហការជាមួយនិងអាជ្ញាធរស្រុកអូរជុំបង្កើតកម្មវិធីនេះឡើង។

 គម្រោងជួសជុលផ្លូវជាតិលេខ៧៨-៥ ប្រវែង ៤,១០០ម៉ែត្រ និងទទឹង៧ម៉ែត្រ ពី PK ២១+៩៥០ ដល់ PK ២៦+០៥០ ជាប្រភេទគ្រឹះថ្មម៉ិច និងក្រាលកៅស៊ូពីរជាន់(DBST) មានពីរគន្លងជាកញ្ចប់ថវិកាជាតិ តាមរយ:ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ជួសជុលដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី តាមកិច្ចសន្យាដែលបានកំណត់ក្នុងគម្រោងសម្រាប់ឆ្នាំ២០២៦។

លោកប្រធានមន្ទីរសាធារណការ បានគោរពថ្លែងអំណរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលអនុញ្ញាតផ្តល់ជូននូវកំណាត់ផ្លូវជាតិនេះ ពីព្រោះថា ផ្លូវជាតិលេខ៧៨-៥ ជាផ្លូវមួយយ៉ាងសំខាន់សំរាប់កិច្ចការអភិវឌ្ឍន៍ សេដ្ឋកិច្ចក្នុងស្រុកអូរជុំ ស្រុកតាវែង និងទីរួមខេត្តរតនគិរីទាំងមូល។

ជាមួយគ្នានេះឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានថ្លែងថា ផ្លូវជាតិលេខ ៧៨-៥នេះពិតជាបំរើផលប្រយោជន៍ដល់ស្រុកអូរជុំ ស្រុកតាវែង រួមមានប្រជាជនក្នុងឃុំប៉ូយ និងឃុំអូរជុំ ដែលតភ្ជាប់ពីស្រុកអូរជុំ ស្រុកតាវែង និងពីស្រុកតាវែង ស្រុកអូរជុំ មកកាន់ផ្លូវជាតិលេខ៧៨ ទីរួមខេត្តរតនគិរី។

ឯកឧត្តមបានបញ្ជាក់ទៀតថា ផ្លូវមួយខ្សែនេះ វាជាតម្រូវការមិនអាចខ្វះបានរបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរក្នុងការធ្វើដំណើរទៅកាន់ទីផ្សារ សាលារៀន មន្ទីរពេទ្យ និងការដឹកជញ្ជូនទំនិញភោគផល កសិ-ឧស្សាហកម្ម ជាពិសេសរួមជាមួយនិងកិច្ចការពារ អធិបតេយ្យភាពទឹកដី។

ឯកឧត្តម ញ៉ែម សំអឿន បាន សំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជួយ សហការ កុំដឹកជញ្ជូនសំពីងសំពោង និងដឹកគ្រួស,ថ្ម,ខ្សាច់ ដោយធ្វើការវេចខ្ចប់ឲ្យបានត្រឹមត្រូវ។ ពិសេសអាជ្ញាធរដែនដី នៃស្រុកទាំង២ មេត្តាផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលរស់នៅតាមបណ្តោយផ្លូវជាតិ សូមចូលរួម សហការសម្របសម្រួលរាល់បញ្ហា ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ៕

Written by 

Related posts

Leave a Comment