ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជឿជាក់ថាជម្លោះអ៊ុយក្រែន នឹងត្រូវបានដោះស្រាយនៅទីបំផុត ហើយសហរដ្ឋអាមេរិក កំពុងធ្វើការយ៉ាងសកម្ម និងលំបាកលើរឿងនេះ។

លោក ត្រាំ បាននិយាយនៅសេតវិមានថា យើង កំពុងនាំយកសន្តិភាពទូទាំងពិភពលោក ដោយបន្ថែមថា យើងកំពុងកាន់កំណត់ត្រាដោះស្រាយសង្គ្រាមជោគជ័យចំនួន ៨ ដែលគ្មាននរណាម្នាក់ធ្វើបាន ហើយបញ្ហាបន្ទាប់គឺជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន ប្រសិនបើអាចធ្វើបាននោះ ខ្ញុំគិតថាយើងនឹងឈានដល់កំពូល។
ក្រុងវ៉ាស៊ីនតោន បានស្នើផែនការ ២៨ ចំណុចសម្រាប់ដោះស្រាយជម្លោះនៅអ៊ុយក្រែន។ ផែនការនេះ នាំឱ្យមានការមិនពេញចិត្តពីសំណាក់ទីក្រុងគៀវ និងដៃគូអឺរ៉ុបរបស់ខ្លួន ដែលព្យាយាមទទូចឱ្យមានការកែប្រែនូវចំណុចមួយចំនួន។ នៅថ្ងៃទី ២៣ ខែវិច្ឆិកា សហរដ្ឋអាមេរិក និងអ៊ុយក្រែន បានធ្វើកិច្ចពិគ្រោះយោបល់នៅទីក្រុងហ្សឺណែវ ទាក់ទងនឹងបញ្ហានេះ។

ក្រោយមក ប្រធានាធិបតីអាមេរិកលោក ត្រាំ បានកត់សម្គាល់ថា ផែនការដំបូងសម្រាប់ការដោះស្រាយដោយសន្តិវិធីត្រូវបានកែសម្រួល ដើម្បីគិតគូរពីជំហររបស់ទីក្រុងមូស្គូ និងទីក្រុងគៀវ ដោយមានបញ្ហាចម្រូងចម្រាសមួយចំនួនប៉ុណ្ណោះ។ លោក ក៏បានបញ្ជាក់ផងដែរថា ចំណុចនៃផែនការត្រូវបានកាត់បន្ថយមកត្រឹម ២២។
នៅថ្ងៃទី ៣០ ខែវិច្ឆិកា តំណាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន បានជួបប្រជុំគ្នាម្ដងទៀតនៅរដ្ឋផ្លរីដា ដើម្បីពិភាក្សាអំពីវិធីបញ្ចប់ជម្លោះ ដំណោះស្រាយរយៈពេលវែងចំពោះបញ្ហាសេដ្ឋកិច្ច និងសន្តិសុខ ការរំពឹងទុកសម្រាប់ការបោះឆ្នោតនៅអ៊ុយក្រែន និងបញ្ហាទឹកដី៕

ដោយ៖ ពេជ្រ
