បន្ទាយមានជ័យ ៖ កាលពីរសៀលថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ ២០២៥ មន្ទីរធម្មការ សាសនាខេត្តបន្ទាយមានជ័យ បានធ្វើពិធីប្រកាសទទួលស្គាល់ សមាសភាពអាចារ្យ អាចារ្យរិនី មកពី ៩ ស្រុក/ក្រុងចំនួន ២៦០ ស្រី ៤ អង្គ/នាក់។

ពិធីនេះមានការចូលរួម ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្ត គណៈមហានិកាយ ព្រះវរ មុនី វ៉ា ចិន្តា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្ត គណៈធម្មយុត្តិក និកាយ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុ រាត្រី អភិបាលខេត្ត លោក ចៀវ ថាន ប្រធានមន្ទីរធម្មការសាសនាខេត្ត អភិបាលក្រុង/ស្រុក អនុប្រធានមន្ទីរ ធម្មការនិងសាសនាខេត្ត អាចារ្យ អាចារ្យអាចារិនី មកពី ៩ ស្រុក/ក្រុង ២៦០ អង្គ/នាក់។
លោក ចៀវ ថាន បានឡើងអាន សេចក្តីប្រកាសស្តីពីការកែសម្រួលសមាសភាព ទទួលស្គាល់ សាខាអាចារ្យខ្មែរខេត្ត និង អនុសាខាអាចារ្យខ្មែរស្រុក-ក្រុងតាម អនុក្រឹត្យ លេខ ១៥៤ អនក្រ.បក ចុះថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១១ ស្តីពីការរៀបចំ និងការ ប្រព្រឹត្តទៅរបស់ក្រសួងធម្មការនិងសាសនាអាចារ្យ អាចារិនី មកពី ៩ ស្រុក/ក្រុង ២៦០ ស្រី៤ អង្គ/នាក់នោះ ត្រូវអនុវត្តតាមភារកិច្ច ក្នុងទម្រង់ប្រពៃណីទំនៀម ទម្លាប់ និងក្រមសីលធម៌អាចារ្យខ្មែរឱ្យបានខ្ចប់ខ្ជួន រាល់សេចក្តីសម្រេចទាំងឡាយណា មានខ្លឹមសារផ្ទុយពីសេចក្តីសម្រេចនេះ ចាត់ទុកជានិរាករណ៍ សេចក្ដីសម្រេចទទួលស្គាល់នេះ មានប្រសិទ្ធភាពអនុវត្តចាប់ពីពេលចុះហត្ថលេខានេះតទៅ ។

លោក ចៀវ ថាន បានបន្តថា ថ្ងៃនេះ លោក មានសេចក្តីសោមនស្សភាពយ៉ាងក្រៃលែងក្នុង“ពិធីប្រកាសទទួលស្គាល់សមាសភាពអាចារ្យខ្មែរខេត្ត ក្រុង/ស្រុកទូទាំង ខេត្ត ដែល កើតឡើងតាមអនុសាសន៍ណែនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កិច្ចការនេះត្រូវបានយកចិត្តទុកដាក់ និងទទួលស្គាល់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី ៩ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅផងដែរ។
លោក អ៊ុ រាត្រីបានមានប្រសាសន៍ថា សាសនាទាំងអស់កំពុងតែមានវត្តមាន ធ្វើសកម្មភាពប្រកបដោយសុខដុមរមនា នៅក្នុងព្រះរាជាណាចក្រ កម្ពុជា ក៏ដូចជានៅក្នុងខេត្ត ក្រោមម្លប់សន្តិភាពរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

សម្រាប់វិស័យព្រះពុទ្ធសាសនា ឆ្នាំ២០១០ ជំនាន់ទី១មាន រហូតដល់ទៅដល់ ជំនាន់ទី៥០ អាចារ្យ អាចារិនី ដែលបានទទួលការបណ្ដុះបណ្តាល សរុបមានចំនួន ៤៤៣ អង្គ/នាក់ ហើយមុខវិជ្ជានៃវគ្គបណ្តុះ បណ្តាល តួនាទី ភារកិច្ច និងក្រុមសីលធម៌អាចារ្យខ្មែរ រួមមាន ១៩ គឺ ១នីតិគ្រួសារ និងអាពាហ៍ពិពាហ៍ ២ទម្រង់អាពាហ៍ពិពាហ៍ខ្មែរ ៣-ប្រវត្តិអាចារ្យខ្មែរ ៤ វិជ្ជាហោរាសាស្ត្រ ៥ព្រះរាជពិធីទ្វាទសមាស ៦ ពិធីក្រុងពាលី ៧ ពិធីបុណ្យព្រះពុទ្ធសាសនា ៨ ការគ្រប់គ្រងភណ្ឌវត្ត និងដោះស្រាយអធិករណ៍ ៩ទម្រង់អាពាហ៍ពិពាហ៍ខ្មែរ ពិធីបុកល័ក្ត ជុំពេលា និងជាវខាន់ស្លា ១០ តន្ត្រីក្នុងទម្រង់អាពាហ៍ពិពាហ៍ ១១ រដ្ឋបាល អាចារ្យ ១២ ទម្រង់អាពាហ៍ពិពាហ៍ ពិធីចែចូវ ស្តីដណ្ដឹង ភ្ជាប់ពាក្យ ១៣-ពិធីពុទ្ធាភិសេក ១៤ វិធីសាស្ត្រគ្រប់គ្រង ធនធានមនុស្ស តាមវត្តអារាម ១៥ ពិធីបុណ្យសពខ្មែរ ១៦ តួនាទីអាចារ្យក្នុងពិធីកម្មនានា ១៧ ក្រមសីលធម៌អាចា រៀនខ្មែរ ១៨ គុណតម្លៃព្រះត្រៃបិដកក្នុងសង្គមខ្មែរ ១៩ វិធីសាស្ត្របញ្ជ្រាបការអប់រំសីលធម៌តាមរយៈអាចារ្យខ្មែរ ។
លោកអ៊ុរាត្រីបានមានប្រសាសន៍ឲ្យដឹងបន្តទៀតថា អាចារ្យ អាចារិនី មកពី ៩ ស្រុក/ក្រុង ២៦០ ស្រី៤ អង្គ/នាក់នោះត្រូវយល់ដឹង និងការគោរពប្រតិបត្តិឱ្យបានត្រឹមត្រូវ តាមតួនាទី ភារកិច្ច និងក្រមសីលធម៌របស់អាចារ្យត្រូវ រួបរួមសាមគ្គីគា្ន កសាងសង្គមជាតិ ជួយអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ឲ្យបានថ្កុំថ្កើងរុងរឿង ចៀស វាងការប្រកាន់បក្សពួក អាចធ្វើឲ្យបាត់បង់ជំនឿ និងធ្វើឲ្យអាប់ឱនដល់តម្លៃព្រះពុទ្ធសាសនា ត្រូវចូលរួមជួយពិនិត្យ តាមដាន ទប់ស្កាត់ និងសម្របសម្រួលដោះស្រាយអធិករណ៍ បញ្ហា ផ្សេងៗ ដែលពាក់ព័ន្ធសាសនា ទំនៀមទម្លាប់ប្រពៃណី ដែលជះឥទ្ធិពលមិនល្អដល់សង្គមខ្មែរយើងផងដែរ៕









