ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី៣០ នឹងធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ គឺមានភ្ញៀវជាតិ និងអន្តរជាតិ១៦០០០នាក់មកពី៨៦ប្រទេសជុំវិញពិភពលោកបានចូលរួមចុះឈ្មោះរួចរាល់ ដោយក្នុងនោះមានភ្ញៀវអន្តរជាតិ៣០០០នាក់ជាង។ នេះបើយោងតាមការបង្ហើបឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
លោកបានបន្តថា ការប្រកួតពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ គឺជាព្រឹត្តិការណ៍រត់ប្រណាំងដ៏ធំជាងគេនៅកម្ពុជា ក្នុងចំណោមព្រឹត្តិការណ៍រត់ប្រណាំងផ្សេងៗ។ ឆ្នាំនេះជាខួបលើកទី៣០ នៃព្រឹត្តិការណ៍រត់ប្រណាំងនេះផង ដូច្នេះការរៀបចំ និងកម្មវិធីកម្សាន្តនឹងរៀបចំឡើងកាន់តែពិសេសសម្រាប់អ្នកចូលរួម។
គួបញ្ជាក់ផងដែរថា៖ អ្នកដែលបានចុះឈ្មោះទាំងអស់ត្រូវទៅទទួលយកសម្ភារៈសម្រាប់ការចូលរួមរត់នៅសណ្ឋាគារ ខនយ៉ាត តាមផ្លូវជាតិលេខ 6A ភូមិចុងកៅស៊ូ ឃុំស្លក្រាម ក្រុងសៀមរាប នៅថ្ងៃទី ៤ ដល់ ទី៦ ខែធ្នូ ចាប់ពីម៉ោង ៩ព្រឹកដល់ ម៉ោង ៦ល្ងាចជាកំហិត៕(ដកស្រង់ពី៖ Olympiccambodia)

