ក្នុងអំឡុងពេលចរចាក្រៅផ្លូវការជាមួយតំណាងអាមេរិក ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីគូឡាស ម៉ាឌូរូ បានបង្ហាញពីត្រៀមខ្លួនរួចជាស្រេចក្នុងការចុះចេញពីតំណែង ក្នុងរយៈពេល ១៨ ខែទៀត។

រដ្ឋបាលរបស់លោក ម៉ាឌូរូ បានទាក់ទងទៅកាន់តំណាងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតការសន្ទនារវាងប្រទេសទាំងពីរ។
របាយការណ៍ CNN បានកត់សម្គាល់ថា មន្ត្រីអាមេរិកមួយចំនួនយល់ថា ការលាលែងពីតំណែងនេះ អាចជាដំណោះស្រាយដ៏មានសក្តានុពលមួយចំពោះជម្លោះរវាងទីក្រុង Caracas និងទីក្រុង Washington។
ទោះជាយ៉ាងណាក៏ដោយ សេតវិមាន បានទទូចឱ្យលោកប្រធានាធិបតីវេណេស៊ុយអេឡា ចុះចេញពីតំណែងជាបន្ទាន់។ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា លោក ត្រាំ បានប្រកាសបិទដែនអាកាសវេណេស៊ុយអេឡា ដែលជាវិធានការបង្ហាញពីភាពតានតឹងរវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ទីក្រុង Washington បានចោទប្រកាន់ទីក្រុង Caracas ថាមិនបានប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធគ្រឿងញៀនឱ្យបានគ្រប់គ្រាន់។ ក្រោមលេសនេះ សហរដ្ឋអាមេរិក បានដាក់ពង្រាយកងកម្លាំងសំខាន់ៗទៅកាន់តំបន់ Caribbean រួមទាំងក្រុមវាយប្រហារដែលដឹកនាំដោយនាវាផ្ទុកយន្តហោះ Gerald R. Ford នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងកងទ័ពជាង ១៦,០០០ នាក់។ ចាប់តាំងពីខែកញ្ញាមក កងកម្លាំងអាមេរិក បានបំផ្លាញទូកយ៉ាងហោចណាស់ ២០ គ្រឿង និងសម្លាប់មនុស្សជាង ៨០ នាក់៕

ដោយ៖ ពេជ្រ
