ប៉ូលិសមូលដ្ឋាន រាយការណ៍ថា មនុស្ស ២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីការបាញ់ប្រហារនៅឯផ្សារទំនើប Westfield Valley Fair ក្នុងទីក្រុង San Jose រដ្ឋកាលីហ្វ័រញ៉ា ចំថ្ងៃ Black Friday ។

នាយកដ្ឋានប៉ូលីសក្រុង San Jose បានឱ្យដឹងថា មន្ត្រីទទួលបានរបាយការណ៍អំពីការបាញ់ប្រហារ នៅម៉ោងប្រហែល ៥ និង ៤០ នាទីល្ងាច (ម៉ោងក្នុងស្រុក) ដោយភ្លាមៗមនុស្ស ២ នាក់ រងរបួស តែមិនដឹងស្រាល ឬធ្ងន់ធ្ងរនោះទេ។
ប៉ូលិស បាននិយាយថា បន្ទាប់ពីកើតហេតុ មនុស្សត្រូវបានជម្លៀសចេញពីផ្សារទំនើប ខណៈដែលការស៊ើបអង្កេតរកមូលហេតុដែលនាំឱ្យមានការបាញ់ប្រហារកំពុងដំណើរការ។
លោក Matt Mahan អភិបាលក្រុង San Jose បានបញ្ជាក់ថា ប៉ូលិស កំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណ និងចាប់ខ្លួនខ្មាន់កាំភ្លើង។
គួរបញ្ជាក់ថា ការបាញ់ប្រហារនេះ មិនបណ្ដាលឱ្យមានអ្នកស្លាប់នោះទេ ខណៈខ្មាន់កាំភ្លើងកំពុងរត់គេចខ្លួន ៕


ដោយ៖ ពេជ្រ
