អាជ្ញាធរថៃ កំពុងរៀបចំត្រៀមបញ្ជូនកប៉ាល់ដែលមានសម្ភារៈសង្គ្រោះ និងក្រុមគ្រូពេទ្យទៅកាន់ភាគខាងត្បូង ជាកន្លែងដែលភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរធ្វើឱ្យទឹកជំនន់កាន់តែអាក្រក់ទៅៗមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដោយសម្លាប់មនុស្ស ១៣ នាក់ និងរារាំងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ក៏ដូចជាជម្លៀស។

ទឹកជំនន់ដែលមានកម្ពស់រហូតដល់ ២ ម៉ែត្រ បានវាយប្រហារខេត្តចំនួន ៩ របស់ថៃ និងក្រុងចំនួន ៨ ដែលនៅជិតព្រំដែនប្រទេសម៉ាឡេស៊ី។
កងទ័ពជើងទឹកថៃ ប្រកាសពីការត្រៀមខ្លួនដើម្បីបញ្ជូនកងនាវាចំនួន ១៤ គ្រឿង និងនាវាផ្ទុកយន្តហោះ Chakri Naruebet អមដោយឧទ្ធម្ភាគចក្រ វេជ្ជបណ្ឌិត និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន។

នៅក្នុងសេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹក បានលើកឡើងថា កងនាវាបានត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ជូនកងកម្លាំង និងអនុវត្តសកម្មភាពតាមបញ្ជារបស់កងទ័ពជើងទឹក ដោយបន្ថែមថា នាវាផ្ទុកយន្តហោះនេះក៏អាចបម្រើជាមន្ទីរពេទ្យអណ្តែតទឹកផងដែរ។
មនុស្សប្រមាណ ១,៩លាននាក់ បានរងផលប៉ះពាល់នៅក្នុងប្រទេសថៃ ពោលគឺអ្នកស្ថិតនៅតំបន់ដែលទីភ្នាក់ងារឧតុនិយម ព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ភ្លាមៗ ៕


ដោយ៖ ពេជ្រ
