កីឡាករ-កីឡាការិនី​ចំនួន​៣៧ប្រទេស នឹង​ប្រកួតដណ្ដើមខ្សែក្រវាត់ក្នុងព្រឹត្តិការណ៍​​គុនខ្មែរ​ជើងឯកពិភព​លោកនា​ខែក្រោយ​នៅខេត្តព្រះសីហនុ

កីឡាករ កីឡាការិនី​ចំនួន​៣៧ប្រទេស ​ នឹងមកជួបគ្នា​ នៅលើទឹក​ដី​ខេត្តព្រះសីហនុ ដើម្បី​ធ្វើការ​ប្រកួតគ្នា ក្នុង​ព្រឹត្តិការណ៍​ប្រដាល់គុនខ្មែរ​ជើងឯកពិភព​លោក ឆ្នាំ​២០២៥ (Kun Khmer World Championship 2025) ពីថ្ងៃទី​១៧ ដល់​ទី ២០ ខែ​ធ្នូ ហើយ​កម្មវិធីនេះ ក៏​មានការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​គុនខ្មែរពិភពលោក ​កម្រិត​អាជីព​រវាង​ជើង​ខ្លាំង​របស់កម្ពុជា​៨នាក់​ ទល់​នឹង​អ្នកប្រដាល់អន្តរជាតិផងដែរ។

​លោក ខូវ ឆាយ អគ្គលេខាធិការស្តីទី​សហព័ន្ធ​​គុនខ្មែរ​អន្តរជាតិ បានថ្លែងបញ្ជាក់ក្នុងសន្និសីទកាសែត នៅ​ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពី​ថ្ងៃអាទិត្យ ទី ២៣ ខែវិច្ឆិកាថា ចំពោះប្រទេស​ទាំង​៣៧នេះ គឺ​ប្រទេសចំនួន​២៣ បានបញ្ជូន​បញ្ជីឈ្មោះ​កីឡាករ​មក​ចូលរួម​រួច​ហើយ ចំណែក​១៤​ប្រទេស​ទៀត កំពុង​ត្រៀមបញ្ជូនបញ្ជី​ឈ្មោះ​កីឡាករ​មក​តាម​ក្រោយ។ ​

កីឡាករ-កីឡាការិនីទាំង៣៧ប្រទេសនោះ មាន៖ សហរដ្ឋអាមេរិក ចិន បារាំង អេស្ប៉ាញ នូវែលសេឡង់ អាល្លឺម៉ង មិចស៊ិចកូ អាហ្វ្រិកខាងត្បូង ប៊ុលហ្គារី រុស្ស៊ី ឥណ្ឌា អ៊ុយក្រែន ជប៉ុន អ៊ីរ៉ង អ៊ីរាក់ អាហ្វហ្គានីស្ថាន នេប៉ាល់ ហ្វីលីពីន ម៉ាឡេស៊ី ឡាវ វៀតណាម កាមេរូន តុងហ្គោ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថានតូមិននីស្ថាន អ៊ូសបេគីស្ថាន ប៉ាគីស្ថាន មីយ៉ាន់ម៉ា កាណាដា ស្វីស ហុងគ្រី អាហ្សង់ទីន ហូឡង់ អ៊ីតាលី ហុងកុង និងប្រេស៊ីល។

ចំពោះ​បេក្ខភាព​​កីឡករជួរមុខ​របស់កម្ពុជា ​ដែល​ត្រូវ​ប្រកួត​ដណ្តើម​​ខ្សែ​ក្រវាត់​កម្រិត​អាជីពនេះ រួមមាន ធន់ រិទ្ធី, ឈឿង ល្វៃ, អេ អាំម៉ារីនភូថង, ម៉ឺន មេឃា, ពេជ្រ សម្បត្តិ, បឺត សង្ឃឹម, ឡៅ ចិត្រា និង ឈុត សេរីវ៉ាន់ថង៕

Written by 

Related posts

Leave a Comment