ក្បួនរថយន្តទេសចរ ឦសាន Overland IIជាង៤០០គ្រឿង ផ្សព្វផ្សាយទេសចរណ៍មកដល់ខេត្តរតនគិរីហើយ

ខេត្តរតនគិរី÷ ក្បួនរថយន្តទេសចរឦសានOverland II នេះ មានរថយន្តចូលរួមចំនួន ៤៥០គ្រឿង និងមនុស្សជាង ១,៨០០នាក់ ដែលធ្វើដំណើរកម្សាន្តនៅក្នុងខេត្តចំនួន២ គឺខេត្តមណ្ឌលគិរី និងខេត្តរតនគិរី នៅក្នុងនោះចាប់ពីថ្ងៃទី២២-២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

នៅក្នុងជំនួបពិសារអាហារសាមគ្គី នារាត្រីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានស្វាគមន៍ចំពោះក្រុមរថយន្តចម្រុះគ្រប់ប្រភេទប្រមាណជិត៥០០គ្រឿង ដោយធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តរតនគិរី ដើម្បីលើកស្ទួយវិស័យទេសចរណ៍ និងបង្ហាញនូវការអភិវឌ្ឍរីកចម្រើន នៅទិសឦសាន។

លោកបានបញ្ជាក់ថា ខេត្តរតនគិរី សម្បូរដោយធនធានធម្មជាតិ មានអាកាសធាតុល្អបរិសុទ្ធ។

បច្ចុប្បន្ន ខេត្តបានគិតគូរយកចិត្តទុកដាក់កសាងនូវហេដ្ឋារចនាសម្ព័ន្ធនានា ក៏ដូចជា តំបន់ទេសចរណ៍នៅក្នុងខេត្តរតនគិរី ដើម្បីធ្វើយ៉ាងណា ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកាន់តែច្រើនឡើង។

បើតាមការឲ្យដឹងពីអ្នកចាត់ការទូទៅ នៃក្បួនរថយន្ត ថា គោលបំណងក្នុងការផ្ដួចផ្ដើមបង្កើតនូវកម្មវិធីដំណើរកម្សាន្ត Overland ខ្នាតធំបែបនេះ ដើម្បីចង់ប្រមូលផ្ដុំនូវអ្នកប្រើប្រាស់រថយន្តទាំងអស់ឲ្យមានសាមគ្គីភាពនៅក្នុងការធ្វើដំណើររួមគ្នាមួយដើម្បីទទួលនូវបទពិសោធន៍បែបថ្មី ក៏ដូចជាចូលរួមការផ្សព្វផ្សាយជាលក្ខណៈទ្រង់ទ្រាយធំឲ្យបានទូលំទូលាយទៅក្នុងបណ្ដាញសង្គមដើម្បីជារូបភាពមួយល្អនៅក្នុងការផ្សព្វផ្សាយពីភាពទាក់ទាញនៃតំបន់ទេសចរណ៍នានានៅកម្ពុជា។

ជាងនេះទៅទៀត ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍ក្នុងស្រុកធ្វើយ៉ាងណាដើម្បីផ្សព្វផ្សាយនូវអ្វីដែលខ្មែរមាន បង្ហាញប្រាប់ពិភពលោកថាប្រទេសកម្ពុជាក៏មានតំបន់ទេសចរណ៍ស្អាតៗមិនចាញ់បរទេស ដើម្បីឲ្យភ្ញៀវទេសចរខ្មែរកាត់បន្ថយទេសចរក្រៅស្រុក។ បន្ថែមពីនេះ ក្បួនរថយន្តទេសចរណ៍ នឹងចូលរួមចំណែកនៅក្នុងការបង្កើនប្រាក់ចំណូលទៅកាន់ប្រជាពលរដ្ឋនៅតំបន់មូលដ្ឋាន និងតំបន់ទេសចរណ៍នានា និងផ្សព្វផ្សាយវប្បធម៌ជនជាតិដើមភាគតិចនៅភូមិភាគឦសានឲ្យមហាជនបានស្គាល់ឲ្យកាន់តែច្បាស់ ហើយអ្វីកាន់តែសំខាន់ដែលជាគោលបំណង់ធំបំផុតនោះ គឺការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកជាឧស្សាហកម្មគ្មានផ្សែង ក្នុងគោលបំណងលើកស្ទួយសេដ្ឋកិច្ចជាតិទាំងមូល។

សូមបញ្ជាក់ផងដែរថា ក្នុងកម្មវិធីនក្បួនរថយនទេសចរ ឦសាន Overland II ដើម្បីផ្សព្វផ្សាយទេសចរណ៍មកដល់ខេត្តរតនគិរីនាពេលនេះក៏មានការរៀបចំ ដាក់តាំងបង្ហាញនូវ រ៉ូបូត និងដ្រូន ដែលជាស្នាដៃផលិតឡើងដោយកូនខែ្មរ នៅរូបសំណាក គ្រួសារដំរី នៅមាត់បឹងកន្សែង ជូនសិស្សានុសិស្ស និងមហាជូនទូទៅមានសិក្សាឈ្វេងយល់ផងដែរ៕

Written by 

Related posts

Leave a Comment