ត្រាំ-ស៊ី នឹងមានដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅវិញទៅមក នៅឆ្នាំក្រោយ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោក ទទួលយកការអញ្ជើញឱ្យទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នៅខែមេសា ឆ្នាំ២០២៦ ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីចិនលោក ស៊ី ជីងពីង។

យោងតាមលោក ត្រាំ បានឱ្យដឹងថា លោក ក៏បានអញ្ជើញលោក ស៊ី ឱ្យបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិកវិញដូចគ្នា។

លោក បានកត់សម្គាល់ថា លោក និងលោក ស៊ី បានឯកភាពគ្នាថា វាជារឿងដ៏សំខាន់ដែលយើងត្រូវមានទំនាក់ទំនងជាមួយគ្នាញឹកញាប់។

ទន្ទឹមនោះ លោក ត្រាំ បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរបស់យើងជាមួយប្រទេសចិនគឺរឹងមាំខ្លាំងណាស់ ដោយបន្ថែមថា កិច្ចប្រជុំរបស់លោក ជាមួយមេដឹកនាំចិននៅទីក្រុង Busan ប្រទេសកូរ៉េខាងត្បូងកាលពីខែតុលា គឺ “ទទួលបាននូវភាពល្អប្រសើរយ៉ាងខ្លាំង”។

យោងតាម លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បានលើកឡើង កាលពីដើមខែវិច្ឆិកាថា លោក ត្រាំ និងលោក ស៊ី អាចនឹងជួបប្រជុំគ្នាចំនួន ៤ លើក ក្នុងឆ្នាំ ២០២៦ ។ ក្រៅពីដំណើរទស្សនកិច្ចផ្លូវរដ្ឋទាំងពីរលើក មេដឹកនាំទាំងពីរអាចនឹងជួបពិភាក្សាគ្នានៅខាងក្រៅព្រឹត្តិការណ៍ក្រុមប្រទេសទាំង ២០ (G20) នៅទីក្រុង Doral រដ្ឋ Florida និងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុង Shenzhen ប្រទេសចិន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment