មនុស្សយ៉ាងហោចណាស់មាន ៩០នាក់ស្លាប់ និង ១២នាក់ផ្សេងទៀតបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃនៅក្នុងប្រទេសវៀតណាម ដែលនាំឱ្យមានទឹកជំនន់ និងការរអិលបាក់ដី កាន់តែអាក្រក់។

រដ្ឋាភិបាលវៀតណាម បានឱ្យដឹងថា ផ្ទះចំនួន ១៨៦,០០០ខ្នង រងការខូចខាតនៅទូទាំងប្រទេស ដោយមានសត្វពាហនៈជាង ៣ លានក្បាល ត្រូវបានបំផ្លាញ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP បានបញ្ជាក់ថា ខេត្តដាក់ឡាក់ ដែលជាតំបន់ភ្នំរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយមានអ្នកស្លាប់ជាង ៦០នាក់ ចាប់តាំងពីថ្ងៃទី ១៦ ខែវិច្ឆិកា។
ទឹកជំនន់នេះ គឺជាគ្រោះមហន្តរាយអាកាសធាតុដ៏អាក្រក់ចុងក្រោយបង្អស់ដែលបានវាយប្រហារប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីព្យុះទីហ្វុង Kalmaegi និង Bualoi វាយប្រហារប្រទេសនេះក្នុងរយៈពេលប៉ុន្មានសប្តាហ៍មុន។
មន្ត្រី បាននិយាយថា មនុស្សប្រមាណ ២៥៨,០០០នាក់គ្មានអគ្គិសនីប្រើប្រាស់ ហើយផ្នែកខ្លះនៃផ្លូវហាយវេសំខាន់ៗ និងផ្លូវរថភ្លើងត្រូវបានបិទ។ កម្លាំងយោធា និងប៉ូលិស ត្រូវបានចល័តដើម្បីជួយដល់តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត៕


ដោយ៖ ពេជ្រ
