សមត្ថកិច្ចកំពុងតាមចាប់ខ្លួនឧត្តមសេនីយត្រី សុខ ស៊ីថា ករណីកាប់ប្រហារបណ្តាលឲ្យពលរដ្ឋរងរបួសធ្ងន់ម្នាក់

ខណនេះសមត្ថកិច្ចនគរបាលបាននិងកំពុងស្រាវជ្រាវតាមចាប់ខ្លួនឧត្តមសេនីយត្រី សុខ ស៊ីថា ពាក់ព័ន្ធករណីកាប់ប្រហារលើពលរដ្ឋពីរនាក់ ក្នុងនោះម្នាក់រងរបួសធ្ងន់កាលពីថ្មីៗនេះ។

យោងតាមការស្រាវជ្រាវ និងបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក្រុមជនសង្ស័យមានបក្ខពួកសរុប៥នាក់ និងត្រូវបានឃាត់ខ្លួន៤នាក់រួចហើយ ខណៈលោកផ្កាយ១ សុខ ស៊ីថា ដែលជាជនដៃដល់ មានទីលំនៅបច្ចុប្បន្នភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល កំពុងគេចខ្លួន។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៩និង០០នាទី ក្រុមជនសង្ស័យបានធ្វើសកម្មភាពប្រើអំពើហិង្សា(កាប់ប្រហារ)លើជនរងគ្រោះពីរនាក់នៅចំណុចភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល បណ្ដាលឲ្យឈ្មោះ ជឹម ធឿន ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រងរបួសហូរឈាមក្រោមសាច់ដុំដៃខាងឆ្វេង និងម្នាក់ទៀតឈ្មោះ ជឹម ស៊ីថា ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។ បន្ទាប់ពីស្រាវជ្រាវ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្រុមបក្ខពួកជនសង្ស័យចំនួន៤នាក់ និងរកឃើញកាំបិតផ្គាក់ផ្លែដែក ដងឬស្សី ០១ បន្សល់ទុកកន្លែងកើតហេតុ និងបញ្ជូនកសាងសំណុំរឿងដើម្បីអនុវត្តតាមនិតិវិធីច្បាប់។

ករណីឈានដល់ការកាប់ប្រហារលើពលរដ្ឋពីសំណាក់មន្ត្រីនគរបាលផ្កាយ១នេះ កើតឡើងដោយសាររឿងទំនាស់ព្រំដី៕

Written by 

Related posts

Leave a Comment