ប្រទេសអ៊ីរ៉ង់ ជាពិសេសប្រជាជនក្នុងរដ្ឋធានីតេអេរ៉ង់ កំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតដែលមិនធ្លាប់មានពីមុនមក នៅរដូវនេះ ដោយមានភ្លៀងធ្លាក់ក្នុងកម្រិតទាបបំផុតមិនធ្លាប់មាន។

អាជ្ញាធរ កំពុងអំពាវនាវប្រជាពលរដ្ឋឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃ ខណៈដែលវិបត្តិទឹកកាន់តែធ្ងន់ធ្ងរឡើង។
លោកប្រធានាធិបតី Masoud Pezeshkian ព្រមានថា ប្រសិនបើមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់នោះទេ អាចនឹងមានការបែងចែកទឹកសម្រាប់ផ្គត់ផ្គង់រដ្ឋធានីតេអេរ៉ង់ ពីទីក្រុងផ្សេងៗ ។
ទោះជាយ៉ាងណា លោក បានបន្ថែមថា ប៉ុន្តែការផ្គត់ផ្គង់នៅតែអាចមានកម្រិតខ្វះខាតដដែល មិនអាចពេញលេញ ដើម្បីការពារគ្រោះមហន្តរាយ បានទេ។

លោក Pezeshkian បន្តថា ប្រសិនបើការបែងចែកទឹកមិនដំណើរការល្អទេនោះ យើងប្រហែលជាត្រូវជម្លៀសប្រជាជនមួយចំនួនចេញពីរដ្ឋធានីបណ្ដោះអាសន្នសិន។
អតីតអភិបាលក្រុងតេអេរ៉ង់ លោក Gholamhossein Karbaschi បានហៅគំនិតនេះថា ជារឿងកំប្លែង ហើយថា ការជម្លៀសប្រជាជនចេញពីតេអេរ៉ង់ គ្មានន័យទាល់តែសោះ។
គួរបញ្ជាក់ថា នេះជាគ្រោះមហន្តរាយមិនធ្លាប់មានសម្រាប់រដ្ឋធានីតេអេរ៉ង់ ដោយត្រូវជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ខណៈភ្លៀងធ្លាក់ក្នុងកម្រិតតិចតួចបំផុត៕

ដោយ៖ ពេជ្រ
