ឃុំ-សង្កាត់ ចំនួន៥ និងភូមិចំនួន៥ ក្នុងខេត្តកណ្តាល ទទួលបានជ័យលាភីសម្រាប់ការប្រឡងប្រណាំងផ្ទៃក្នុង«ភូមិ-ឃុំសង្កាត់ មានសុវត្តិភាព» ក្នុងវិស័យបរិស្ថាន

គណៈកម្មការវាយតម្លៃជ័យលាភីថ្នាក់ក្រុងស្រុក សម្រាប់កម្មវិធីប្រឡងប្រណាំងផ្ទៃក្នុងខេត្ត«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន បានសម្រេចផ្តល់ជ័យលាភីដល់ឃុំ-សង្កាត់ ចំនួន៥ និងភូមិចំនួន៥ ដែលបានចូលរួមការប្រឡងប្រណាំងផ្ទៃក្នុងនេះ នៅតាមបណ្តាក្រុងស្រុកទាំង១៣ នៃខេត្តកណ្តាល។

ពិធីប្រកាសជ័យលាភី និងការប្រគល់ពានរង្វាន់ បានធ្វើឡើងនៅសាលាខេត្តកណ្តាល ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ដោយឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដើម្បីបញ្ជាក់ពីការគាំទ្រ និងលើកទឹកចិត្តចំពោះការបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថានជាសេនាធិការ ក្នុងការជំរុញលើវិស័យបរិស្ថាន ប្រកបដោយភាពស្អាត ភាពបៃតង។

ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ យកលទ្ធផលនេះទៅបន្តការផ្សព្វផ្សាយ ដើម្បីភូមិឃុំផ្សេងទៀត ដែលពុំបានជាប់ចំណាត់ថ្នាក់បន្តខិតខំយកចិត្តទុកដាក់ថែរក្សាបរិស្ថាន ក៏ដូចជាឱ្យពួកគាត់បានត្រៀមលក្ខណៈចូលរួមប្រកួតនៅលើក្រោយទៀត សំដៅឱ្យភូមិឃុំទាំងអស់មានភាពស្អាតរហូត ខណៈចំនួនភូមិសរុបនៅក្នុងខេត្តដែលបានចូលរួមទើបតែមានត្រឹម១០ភាគរយប៉ុណ្ណោះ។ ឯកឧត្តម មានប្រសាសន៍ថា «ប្រសិនបើមានស្មារតីនេះជាប្រចាំនោះ ភូមិឃុំយើងនឹងមានភាពស្អាតជារៀងរហូត ហើយតែមានភាពស្អាតនេះហើយ នឹងទាក់ទាញបាននូវកំណើនទេសចរ និងការវិនិយោគបន្ថែមទៀត»។

បើតាមរបាយការណ៍របស់លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល បានឱ្យដឹងថា ឃុំ-សង្កាត់ឆ្នើម សម្រាប់កម្មវិធីប្រឡងប្រណាំងផ្ទៃក្នុងខេត្ត«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន ក្នុងចំនួន១៣ក្រុង-ស្រុក នៃខេត្តកណ្តាល មាន៖ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ, សង្កាត់តាខ្មៅ ក្រុងតាខ្មៅ, ឃុំសំរោងលើ ស្រុកអង្គស្នួល, ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល, សង្កាត់សំពៅពូន ក្រុងសំពៅពូន។ ចំនួនភូមិឆ្នើមទាំង៥មាន៖ ភូមិកំពង់សំណាញ់ ស្ថិតក្នុងក្រុងតាខ្មៅ,  ភូមិព្រែកជ្រូក ស្ថិតក្នុងក្រុងអរិយក្សត្រ, ភូមិស្តៅកន្លែង ស្ថិតក្នុងស្រុកកៀនស្វាយ, ភូមិបឹងក្រោម ស្ថិតក្នុងស្រុកលើកដែក, និងភូមិថ្នល់ទទឹង ស្រុកអង្គស្នួល។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានរៀបចំចលនាការរៀបចំប្រឡងប្រណាំងផ្ទៃក្នុងខេត្ត«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»ក្នុងវិស័យបរិស្ថាន រៀងរាល់២ឆ្នាំម្តង ដោយក្នុងនោះសម្រាប់ខេត្តកណ្ដាលឆ្នាំ២០២៣  មានភូមិចំនួន១២៣ និងឃុំ-សង្កាត់ ចំនួន១២២ បានចូលរួមការប្រឡងប្រណាំងផ្ទៃក្នុងនេះ នៅតាមបណ្តាក្រុងស្រុកទាំង១៣ នៃខេត្តកណ្តាល។

ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល បានឱ្យដឹងថា ការវាយតម្លៃជ័យចំពោះលាភី គឺផ្អែកលើឯកសារភស្តុតាងគាំទ្រសូចនាករដាក់ពិន្ទុលើលក្ខណៈវិនិច្ឆ័យចំនួន៣ សូចនាករចំនួន១០ និងមធ្យោបាយផ្ទៀងផ្ទាត់ចំនួន៩១ចំណុច ដែលបានកំណត់ក្នុងវិស័យបរិស្ថានមាន៖ អនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ។ សូចនាករចំនួន១០ ទី១. គ្មានសំណល់រឹង(សំរាម), ទី២. គ្មានសំណល់រាវ(ទឹកកខ្វក់), ទី៣. មានទឹកស្អាតប្រើប្រាស់, ទី៤. មានបង្គន់អនាម័យ, ទី៥. មានរុក្ខជាតិ(ដើមឈើ), ទី៦. មានការតុបតែងលម្អ, ទី៧. មានទេសភាពស្អាត, ទី៨. ទទួលការអប់រំនិងផ្សព្វផ្សាយ,  ទី៩. ចូលរួមការពារធនធានធម្មជាតិ, និងទី១០. ចូលរួមអភិវឌ្ឍន៍សហគមន៍៕

Written by 

Related posts

Leave a Comment