​កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ០៦នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធ ករណី ប្រើប្រាស់នូវសារធាតុញៀន​​

បន្ទាយមានជ័យ៖នៅវេលាម៉ោង១១ និង០០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្រ្តក្រុង រហូតដល់វេលាម៉ោង១១និង៤០នាទី ថ្ងៃខែឆ្នាំ ដដែល ពេលល្បាតដល់ចំណុចវត្តអូរខៃដន ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉េត ខេត្តបន្ទាយមានជ័យ បានប្រទះឃើញម៉ូតូក្រុមក្មេងទំនើង០១ក្រុម កំពុងបង្ហោះម៉ូតូ ភ្លាមៗនោះកម្លាំងបានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន១៦នាក់ ក្នុងនោះមានស្រ្តីស្រី០៣នាក់ រួមទាំងម៉ូតូចំនួន០៧គ្រឿង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើតេស្តទឹកនោមរកសារធាតុញៀនលើក្មេងទំនើងទាំងចំនួន១៦នាក់/ស្រី០៣នាក់ ជាលទ្ធផលវិជ្ជមាន(+) ចំនួន០៦នាក់/ស្រី០០នាក់ និងអវិជ្ជមាន(-) ចំនួន ១០នាក់/ស្រី០៣នាក់។ ចំពោះក្មេងទំនើងចំនួន ០៦នាក់រួមមាន ១.ឈ្មោះ ឌិន លីហៀង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ, ២.ឈ្មោះ ម៉ែន សុខខុន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ, ៣.ឈ្មោះ លឹម គឹមហូវ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ, ៤.ឈ្មោះ ហឿត រ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ, ៥.ឈ្មោះ តូ តភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ, ៦.ឈ្មោះ នួន វ៉េវ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកក្មេងទំនើងចំនួន១០នាក់/ស្រី០៣នាក់ ពុំមានសារធាតុញៀន ដោយទទួលបានការអនុញ្ញាតពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំជំនាញបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យអាណាព្យាបាលធានា ត្រឡប់ទៅលំនៅដ្ឋានវិញ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Written by 

Related posts

Leave a Comment