ចលនាហាម៉ាស់ប៉ាឡេស្ទីន បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាជាមួយអាជ្ញាធរអាមេរិក ។ នេះបើតាមមេដឹកនាំនយោបាយជាន់ខ្ពស់របស់ហាម៉ាស់ លោក Abu Marzouk បានប្រាប់ទូរទស្សន៍ក្នុងស្រុក ។
លោក Abu Marzouk បានសង្កត់ធ្ងន់ថា យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាជាមួយសហរដ្ឋអាមេរិក ហើយមេដឹកនាំ លោក Donald Trump គឺជាប្រធានាធិបតីដ៏មានឥទ្ធិពលសម្រាប់យើង ។
មន្ត្រីក្រុមហាម៉ាស់រូបនេះ បានចង្អុលបង្ហាញថា កិច្ចព្រមព្រៀងនៅហ្គាហ្សា កន្លងមកនេះ នឹងមិនសម្រេច បើគ្មានបេសកជនពិសេសរបស់លោក Trump នោះទេ ។
លោក បានបន្ថែមថា ជំហររបស់ក្រុមហាម៉ាសគឺ យើងបើកចំហរក្នុងការសន្ទនាជាមួយគ្រប់ភាគីទាំងអស់ លើកលែងតែអ៊ីស្រាអែល ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងដែលអនុម័ត និងមានប្រសិទ្ធិភាពកន្លងមកនៅហ្គាហ្សា គឺកើតឡើង ដោយសារតែភាគីពាក់ព័ន្ធទាំងអស់ពិភាក្សាគ្នា សម្របសម្រួលគ្នា៕
ដោយ៖ ពេជ្រ