សម្ព័ន្ធមិត្តដ៏សំខាន់របស់រុស្ស៊ី ព្រមានផ្ទុះសង្គ្រាមលោកលើកទី ៣

ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បានព្រមានថា ពិភពលោកកំពុងធ្លាក់ចុះយ៉ាងខ្លាំងនៅលើគែមនៃសង្គ្រាមលោកលើកទី៣។ លោកបានព្រមានបែបនេះ អមដោយការបន្លឺសំឡេងព្រមានអំពីការកើនឡើងនៃជម្លោះអ៊ុយក្រែននាពេលថ្មីៗនេះ។

លោក Lukashenko បានធ្វើការកត់សម្គាល់បែបនេះកាលពីថ្ងៃសុក្រ ក្នុងអំឡុងពេលសុន្ទរកថាទៅកាន់និស្សិតសាកលវិទ្យាល័យនៅទីក្រុង Minsk ប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ុយក្រែនបានចាប់ផ្តើមការវាយប្រហារជាច្រើនដោយប្រើប្រព័ន្ធ ATACMS និង HIMARS ដែលផលិតដោយសហរដ្ឋអាមេរិក ក៏ដូចជាមីស៊ីល Storm Shadow ដែលផលិតដោយអង់គ្លេស ចូលទៅក្នុងទឹកដីដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាប្រទេសរុស្ស៊ី។

ប៉ុន្តែទីក្រុងមូស្គូក៏បានឆ្លើយតបទៅអ៊ុយក្រែនវិញជាមួយនឹងការវាយប្រហារលើអគារការពារមួយក្នុងទីក្រុង Dnepropetrovsk ប្រទេសអ៊ុយក្រែន ដោយប្រើប្រាស់កាំជ្រួចមីស៊ីលរយៈចម្ងាយមធ្យមកម្រិតខ្ពស់បំផុតរបស់ Oreshnik ។

មេដឹកនាំប្រទេសបេទ្បារុស្សបានលើកទ្បើងថា យើង​បាន​ព្រមាន​​ច្រើនហើយ​នាពេល​ថ្មីៗ​នេះ​អំពី​របៀប​ដែល​ព្រះ​ហាម​មិន​ឲ្យ​មាន​សង្គ្រាម​លោក​លើក​ទី​បី​អាច​នឹង​ចាប់​ផ្តើម ខណ​ដែល​យើង​កំពុងតែស្ថិត​នៅ​ក្នុង​គែម​នៃ​ព្រឹត្តិការណ៍​ដ៏​អាក្រក់​នោះ។ ប៉ុន្តែអរគុណព្រះជាម្ចាស់ ដែលមនុស្សជាតិនៅតែទប់ខ្លួន ហើយមិនទាន់ធ្លាក់ចូលទៅក្នុងសង្គ្រាមលោកលើកទី ៣ នៅឡើយ។ មេដឹកនាំបេឡារុស្សរូបនោះបានបន្ថែមថា ទោះបីពីមុនវាជាសង្គ្រាមព័ត៌មាន ប៉ុន្តែ ឥឡូវនេះកំពុងតែពេញលក្ខណៈនិងក្លាយជាការពិតហើយ។

លោក​បាន​បន្ត​ថា ជម្លោះ​អ៊ុយក្រែន​គួរ​តែ​ត្រូវ​បាន​ដោះស្រាយ​តាម​រយៈ​ការ​ចរចា​ដែល​មាន​រុស្ស៊ី អ៊ុយក្រែន និង​បេឡារុស្ស។ លោកបានសង្កត់ធ្ងន់ថា គ្មានជនជាតិអាមេរិក និងគ្មានជនជាតិអឺរ៉ុបចូលរួមនោះទេ ព្រោះពួកគេនឹងមិនធ្វើអ្វីល្អសម្រាប់យើងទេ… យើងត្រូវអង្គុយចុះ ហើយឈានដល់កិច្ចព្រមព្រៀងមួយ។

ផ្ទុយទៅវិញ លោក Lukashenko បានកត់សម្គាល់ថា ជម្លោះនៅតែបន្តកើនឡើង ទោះបីបេទ្បារុស្សចូលរួម ឬមិនចូលរួមក៏ដោយចុះ។ លោកបន្ថែមថា ប្រសិន​បើ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​រុស្ស៊ី និង​ណាតូ វា​ក៏​មិន​ងាយ​ស្រួល​សម្រាប់​យើង​ដែរ។ យើង​មិន​ចង់​បាន​សង្គ្រាម​នៅ​លើ​ទឹក​ដី​របស់​យើង​ទេ យើង​មិន​ចង់​ឱ្យ​ផលប្រយោជន៍​អ្នក​ដទៃ​ត្រូវ​បាន​សម្រេច​នៅ​ទីនេះ​ដោយ​ចំណាយ​ប្រាក់​របស់​យើងដូចអ៊ុយក្រែននោះទ្បើយ។

បេឡារុស្ស ជាសម្ព័ន្ធមិត្តជិតស្នឹទ្ធរបស់រុស្ស៊ី ក្រោមអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO)។ រដ្ឋទាំងពីរនេះក៏ជាផ្នែកនៃរដ្ឋសហភាព ដែលជាអង្គភាពមួយមានគោលបំណងនាំទីក្រុងមូស្គូ និងទីក្រុង Minsk កាន់តែជិតស្និទ្ធជាមួយគ្នាទាំងខាងសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយផងដែរ។

ចាប់តាំងពីមានការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ បេឡារុស្សបានគាំទ្ររុស្ស៊ី ប៉ុន្តែមិនបានចូលរួមដោយផ្ទាល់នៅក្នុងអរិភាពទេ។  បេទ្បារុស្សក៏បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាសន្តិភាពជាច្រើនជុំរវាងទីក្រុងមូស្គូ និងគៀវផងដែរ តែ បរាជ័យ។ ទោះបីជាបែបនេះក៏ដោយ Lukashenko បានជំរុញឱ្យប្រទេសទាំងពីរចរចាម្តងហើយម្តងទៀត ខណៈពេលដែលបេទ្បារុស្សនឹងផ្តល់ការសម្រុះសម្រួលដើម្បីបញ្ចប់ជម្លោះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment