ខេត្តរតនគិរី÷ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកណ្តាល បានសហការជាមួយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីរក្សាទុកនិងដឹកជញ្ជូននូវសារធាតុញៀនដោយខុសច្បាប់។
ក្នុងនោះដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពីលោក ឧត្ដមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី ស្ដីពីការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងភូមិសាស្ត្រខេត្តរតនគិរី និងបទបញ្ជារបស់លោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន ក្នុងការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំឆ្នាំ។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមហ៊ុនដឹកជញ្ជូនវរ:ប៊ុនថាំ ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា
កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ឯក សុខ សែនចំរ៉ុង នាយការិយាល័យប្រឆាំងគ្រឿងញៀន និងដោយមានការសម្របសម្រួលនិតិវិធីពីឯកឧត្ដម ឡុង ហុកម៉េង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី បានចុះបង្រ្កាបករណី រក្សាទុក ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ១ករណី បានឃាត់ខ្លួនជនសង្ស័យ ចំនួន២មុខសញ្ញា និងបានចាប់ដកហូតម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន១ថង់ធំ លាក់ទុកនៅក្នុងកញ្ចប់បញ្ញើដែលជនសង្ស័យមកទទួលយក។
ជនសង្ស័យ២នាក់ ១-ឈ្មោះ ថៃ សំណាង <ហៅប៊ីលី> ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
២-ឈ្មោះ ប៊ូវ ស៉ីវម៉េង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន។
ជនសង្ស័យ២នាក់សមត្ថកិច្ចជំនាញធ្វើតេស្តទឹកនោមរកឃើញសារធាតុញៀនវិជ្ជមាន(+)ទាំង២នាក់។
បន្ទាប់មកសមត្ថកិច្ចបានដកហូតសម្ភាររួមមាន
១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១ថងធំ ទម្ងន់ថ្លឹងទាំងថង់ច្រក៩៨.៤៨ក្រាម។
២-ទូរសព្ទដៃចំនួន២គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើត្រូវបានឃាត់ និងរក្សាទុកនៅការិយាល័យប្រឆាំងគ្គ្រឿងញៀននិងប្រគល់ជូនសមត្ថកិច្ចជំនាញនៅខេត្តកណ្ដាលជាម្ចាស់ករណីខាងលើនេះ ដើម្បីយកទៅអនុវត្តនីតិវិធីបន្ត៕