ថ្លែងក្នុងពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៤ ទល់ ៤ នៅកម្ពុជា (4v4 Cambodia) លោក Keisuke Honda បានសម្ដែងក្ដីរីករាយ ចំពោះដំណើការប្រកួត និងការចូលរួមរបស់ក្រុម ក៏ដូចជាយុវជនអាយុក្រោម ១០ឆ្នាំទាំងអស់គ្នា ដ្បិតការរៀបចំកម្មវិធីនេះ គឺជាផ្នែកមួយ នៃក្ដីសុបិនរបស់ខ្លួន ដែលចង់ឃើញក្រុមជម្រើសជាតិកម្ពុជាកាន់តែខ្លាំង និងមានឱកាសចូលរួមព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ពិភពលោក (FIFA World Cup) នាថ្ងៃអនាគត ។ ដូច្នេះតាមរយៈកម្មវិធីនេះ នឹងក្លាយជាផ្នែកមួយ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជា ។
អតីតតារាបាល់ទាត់កម្រិតពិភពលោក និងជាស្ថាបនិកកម្មវិធី 4v4 ដ៏ល្បីល្បាញនៅប្រទេសជប៉ុន ដដែលបានបង្ហាញសុទិដ្ឋិនិយមក្នុងពិធីបិទការប្រកួតខាងលើថា «ពួកគេនឹងក្លាយជាកីឡាករជម្រើសជាតិកម្ពុជានាពេលអនាគត ហើយពួកគេនឹងធ្វើឲ្យអ្នករីករាយ ។ ដូច្នេះសូមបន្តគាំទ្រពួកគេ ហើយខ្ញុំសង្ឃឹមថា ក្រុមជម្រើសជាតិកម្ពុជានឹងកាន់តែខ្លាំងជាងមុន និងអាចលេង World Cup នាពេលនាអនាគត វាគឺជាសុបិន្តរបស់ខ្ញុំ» ។
សូមជម្រាបថា ការប្រកួតបាល់ទាត់ពានរង្វាន់ ៤ ទល់ ៤ នៅកម្ពុជា (4v4 Cambodia) ដែលបង្កើតឡើងដោយអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតពេញ ១ថ្ងៃ នៅទីលានវិទ្យាល័យព្រះស៊ីសុវត្ថិ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដោយក្រុមយុវជនអាយុក្រោម ១០ឆ្នាំ នៃក្លិបសៀមរាបយូណាយធីត បានគ្រងជើងឯក បន្ទាប់ពីយកឈ្នះក្រុម U10 Young Dragon ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយកាត់ក្ដី១១មែត្រ៕