ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់ថា អ៊ីស្រាអែល ហាម៉ាស កាតា និងសហរដ្ឋអាមេរិក ឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីប្រកាសបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប និងដោះលែងចំណាប់ខ្មាំង។ នេះបើតាមរបាយការណ៍កាសែត Jerusalem Post បានរាយការណ៍។
របាយការណ៍បន្ថែមថា លោក Netanyahu ត្រូវបានជូនដំណឹងអំពីកិច្ចព្រមព្រៀងនេះ ហើយបញ្ជាឱ្យកោះប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខនយោបាយ បន្ទាប់មកកិច្ចប្រជុំរដ្ឋាភិបាល ដើម្បីអនុម័តផែនការ។
កាសែត កត់សម្គាល់ថា បច្ចុប្បន្នសភាពេញអង្គរបស់រដ្ឋាភិបាលគ្រោងនឹងបោះឆ្នោតលើវិធានការនេះ នៅថ្ងៃសៅរ៍ ដែលនឹងពន្យារពេលការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ៣ នាក់ដំបូង រហូតដល់ថ្ងៃចន្ទ ខុសពីការគ្រោងទុកដំបូង ។
ការចុះហត្ថលេខានេះ ត្រូវបានពន្យារពេលមួយថ្ងៃ ដោយសារតែការមិនចុះសម្រុងគ្នាអំពីបញ្ជីចុងក្រោយនៃអ្នកទោសប៉ាឡេស្ទីនដែលត្រូវដោះលែងជាផ្នែកនៃកិច្ចព្រមព្រៀង។
គួរបញ្ជាក់ថា ភាគីក្រុមហាម៉ាស ក៏បានទាមទារឱ្យអ៊ីស្រាអែលដោះលែងមេដឹកនាំយោធាមួយចំនួនដែលជាប់ពន្ធនាគារអស់មួយជីវិតពីបទរៀបចំផែនការ និងរៀបចំការវាយប្រហារភេរវកម្ម ផងដែរ៕
ដោយ៖ ពេជ្រ