អ៊ីរ៉ង់ ចាត់ទុកបទឈប់បាញ់នៅហ្គាហ្សា ជាជ័យជំនះរបស់ប៉ាឡេស្ទីន 

ក្រុងតេអេរ៉ង់បានសាទរចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ ហើយចាត់ទុកថា ជាជ័យជម្នះសម្រាប់ប្រជាជនប៉ាឡេស្ទីន និងអ្នកគាំទ្រ ខណៈព្រមានថារដ្ឋជ្វីហ្វប្រហែលជាមិនគោរពការប្តេជ្ញាចិត្តរបស់ខ្លួននោះទ្បើយ។

មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បានសរសេរនៅលើបណ្តាះ X ថា “ការអត់ធ្មត់របស់ប្រជាជន Gaza និងភាពរឹងមាំនៃការតស៊ូរបស់ប៉ាឡេស្ទីនបានបង្ខំឱ្យរបប Zionist ដកថយ”។

បទឈប់បាញ់នេះត្រូវបានប្រកាសកាលពីថ្ងៃពុធ បន្ទាប់ពីមានការបង្ហូរឈាមរយៈពេល ១៥ ខែដែលបង្កឡើងដោយការវាយឆ្មក់ដ៏សាហាវនៅក្នុងខែតុលា ឆ្នាំ ២០២៣ ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ ការ​ប្រយុទ្ធ​គ្នា​បាន​ឆក់​យក​ជីវិត​មនុស្ស​រាប់​ម៉ឺន​នាក់ ដែល​ភាគ​ច្រើន​នៅ​ក្នុង​តំបន់​ហ្គាហ្សា។ លក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលនឹងចូលជាធរមាននៅថ្ងៃអាទិត្យនេះ រួមមានការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន។

អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានប្រារព្ធការអបអរបទឈប់បាញ់នេះ ហើយថា វាជា “ជ័យជម្នះយ៉ាងច្បាស់លាស់” សម្រាប់ប៉ាឡេស្ទីន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ lRGC បានអះអាងថា អសមត្ថភាពរបស់អ៊ីស្រាអែលក្នុងការសម្រេចបាននូវគោលដៅយោធារបស់ខ្លួន និងការខូចខាតដែលខ្លួនបានទទួលរងបានបង្ខំឱ្យវាយល់ព្រមធ្វើកិច្ចព្រមព្រៀងនេះ។

យោធាអ៊ីរ៉ង់បានទទួលស្គាល់ថាអ៊ីស្រាអែលបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរលើគូប្រជែងរបស់ខ្លួន រួមទាំងដោយការសម្លាប់មេដឹកនាំក្រុមហាម៉ាស់ និងចលនាសកម្មប្រយុទ្ធលីបង់ Hezbollah ប៉ុន្តែបានសង្កត់ធ្ងន់ថាក្រុមទាំងនោះនៅតែសកម្ម។

IRGC ក៏បាន​ព្រមាន​ថា អ៊ីស្រាអែល​អាច​បំពាន​លើ​កិច្ចព្រមព្រៀង​នេះ ហើយ​បាន​ជំរុញ​ឱ្យ​គូប្រជែង​របស់​ខ្លួន​ត្រៀម​ខ្លួនដើម្បី​ប្រឈមមុខ​នឹង​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ថ្មីទៀតបង្កដោយអ៊ីស្រាអែល។ ទន្ទឹមនោះក៏បានអំពាវនាវឱ្យមានការប្រារព្ធពិធីបួងសួងនៅវិហារអ៊ីស្លាម Al-Aqsa ក្នុងក្រុងយេរូសាឡឹម ដើម្បីកត់ត្រាលទ្ធផលនៃកិច្ចព្រមព្រៀង។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានសម្តែងការដឹងគុណចំពោះប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump សម្រាប់ការគាំទ្ររបស់លោកក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងនេះ​។​ គាត់បានថ្លែងអំណរគុណដល់ប្រធានាធិបតី Joe Biden ដែលចាកចេញសម្រាប់ជំនួយរបស់គាត់ផងដែរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យរបស់លោក Netanyahu។

កិច្ច​ព្រមព្រៀង​ឈប់​បាញ់​ត្រូវ​បាន​សម្រេច​ក្នុង​អំឡុង​ពេល​កិច្ច​ចរចា​សម្រុះ​សម្រួល​ដោយ​កាតា​នៅ​ទីក្រុង​ដូហា។ ការិយាល័យរបស់លោក Netanyahu ​បានព្រមានថា ទោះមានកិច្ចព្រមព្រៀងនេះក៏ដោយ ប៉ុន្តែព័ត៌មានលម្អិតមួយចំនួនមិនទាន់ត្រូវបានបញ្ចប់នៅឡើយនោះទេ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment