អង់គ្លេស​ ចុះ​ហត្ថលេខា​ភាព​ជា​ដៃគូរយៈពេល​១០០​ឆ្នាំ​ជាមួយ​អ៊ុយក្រែន 

ទីក្រុងឡុងដ៍បាននិយាយថា ចក្រភពអង់គ្លេស និងអ៊ុយក្រែននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូរយៈពេល ១០០ ឆ្នាំក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer ទៅកាន់ទីក្រុងគៀវ ចាប់តាំងពីចូលកាន់តំណែង។ រដ្ឋាភិបាលអង់គ្លេសបានប្រកាសពីកិច្ចព្រមព្រៀងដែលបានគ្រោងទុកនៅថ្ងៃព្រហស្បតិ៍នេះ ដែលមិនយូរប៉ុន្មានមុនពេលលោក Starmer មកដល់រដ្ឋធានីអ៊ុយក្រែនក្នុងដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា កិច្ចព្រមព្រៀងដែលនាយករដ្ឋមន្ត្រី និងមេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខានឹងបង្កើត“ចំណងដែលមិនអាចបំបែកបាន” ជាផ្លូវការរវាងប្រទេសទាំងពីរ និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីក្នុងវិស័យការពារជាតិ និងវិស័យផ្សេងៗទៀត។

សន្ធិសញ្ញានេះនឹង “រារាំងការឈ្លានពានរបស់រុស្ស៊ីដែលកំពុងបន្ត”ប្រឆាំងនឹងអ៊ុយក្រែនផងដែរ។ ទន្ទឹមនោះកិច្ចព្រមព្រៀងក៏មានការប្តេជ្ញាចិត្តរបស់ទីក្រុងឡុងដ៍ និងទីក្រុងគៀវ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ រួមទាំងសន្តិសុខដែនសមុទ្រនៅសមុទ្របាល់ទិក សមុទ្រខ្មៅ និងសមុទ្រអាហ្សូវថែមទៀត។

ទីក្រុងមូស្គូបានគ្រប់គ្រងលើឆ្នេរសមុទ្រ Azov ទាំងមូល បន្ទាប់ពីសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ហើយតំបន់ Kherson និង​ Zaporozhye ​​បានក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ីជាផ្លូវការបន្ទាប់ពីការបោះឆ្នោតប្រជាមតិនៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២២។ 

សូមជម្រាបថា ផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ក៏មានការផ្ទៀងផ្ទាត់នូវគ្រាប់ធញ្ញជាតិដែលផលិតដោយចក្រភពអង់គ្លេស ក៏នឹងត្រូវបានដាក់ឱ្យដំណើរការក្នុងគោលបំណងដើម្បីតាមដាននូវអ្វីដែលទីក្រុងឡុងដ៍ហៅថា “គ្រាប់ធញ្ញជាតិដែលត្រូវបានលួច” ដែលនិយាយសំដៅទៅលើដំណាំដែលផលិតនៅក្នុងទឹកដីថ្មីរបស់រុស្ស៊ីដណ្តើមពីអ៊ុយក្រែនផងដែរ។

ចក្រភពអង់គ្លេសគឺជាអ្នកគាំទ្រដ៏សំខាន់មួយរបស់អ៊ុយក្រែនចាប់តាំងពីជម្លោះមានការកើនឡើងរវាងទីក្រុងមូស្គូ និងគៀវចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ ខណអង់គ្លេសក៏បានប្តេជ្ញាផ្តល់ជំនួយផ្នែកយោធា និងស៊ីវិលចំនួន ១២.៨ ពាន់លានផោន (16 ពាន់លានដុល្លារ) ដល់ទីក្រុងគៀវ និងបានបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែនចំនួន ៥០,០០០ នាក់នៅលើទឹកដីអង់គ្លេស។

ទោះជាយ៉ាងណាក៏ដោយសារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃពុធថា មន្រ្តីជិតស្និទ្ធនឹងលោក Zelensky បានសម្តែងការខកចិត្តជាឯកជនចំពោះលោក Starmer អស់រយៈពេលជាច្រើនខែ ចំពោះអ្វីដែលពួកគេបានពិពណ៌នាថាជាវិធីសាស្រ្តប្រុងប្រយ័ត្នរបស់គាត់ចំពោះអ៊ុយក្រែន។ យោងតាមទីភ្នាក់ងារនេះ ថ្នាក់ដឹកនាំអ៊ុយក្រែនក៏បានចោទសួរថា ហេតុអ្វីបានជាគេយកនាយករដ្ឋមន្ត្រីអង់គ្លេស ដែលកាន់តំណែងជាងប្រាំមួយខែមុនមកទស្សនកិច្ចនៅទីក្រុងគៀវយូរម្ល៉េះ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយពីមុនថា ការបន្តគាំទ្ររបស់ចក្រភពអង់គ្លេសចំពោះអ៊ុយក្រែន គឺជាសញ្ញាមួយបង្ហាញថា រដ្ឋាភិបាលចក្រភពអង់គ្លេស“ច្បាស់ណាស់ថាមិនស្វែងរកការដោះស្រាយជម្លោះ រវាងទីក្រុងមូស្គូ និងគៀវនោះទេ។ ពួក​គេ​កំពុង​ធ្វើ​គ្រប់​យ៉ាង​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​​អូស​បន្លាយ​ពេល​វេលា​យូរ​អង្វែងនូវ​ការ​រង​ទុក្ខ​របស់​ប្រជាជន​អ៊ុយក្រែន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment