លោក Patrick Kluivert ដែលជាកំពូលកីឡាករហូឡង់ និង Barcelona បាននិយាយថា លោកមានបំណងជួយប្រទេសឥណ្ឌូណេស៊ីឡើងទៅលេង World Cup 2026 ជាលើកដំបូងរបស់ពួកគេ ខណៈដែលលោកត្រូវបានបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី។នេះបើយោងតាមប្រភពពីសារព័ត៌មាន vnexpress។
អតីតខ្សែប្រយុទ្ធហូឡង់វ័យ៤៨ឆ្នាំរូបនេះ បានមកដល់ប្រទេសឥណ្ឌូណេស៊ី កាលពីល្ងាចថ្ងៃសៅរ៍ជាមួយនឹងអតីតខ្សែបម្រើសញ្ជាតិហូឡង់ Denny Landzaat ដែលត្រូវជាជំនួយការរបស់លោក។ លោក Kluivert បានចុះកិច្ចសន្យារយៈពេល២ឆ្នាំ ជាមួយនឹងជម្រើសបន្ថែមរយៈពេល២ឆ្នាំ ប្រសិនបើដឹកនាំក្រុមបានល្អ។
យ៉ាងណាមិញក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សាកាតាកាលពីថ្ងៃអាទិត្យលោក Kluivert បាននិយាយថា “អ្នករាល់គ្នាដឹងថាយើងនឹងលេង៤ប្រកួតទៀត វាហាក់ដូចជាវគ្គផ្តាច់ព្រ័ត្រចឹង ហើយយើងចង់សម្រេចបាននូវអ្វីដែលយើងចង់សម្រេច” ។ “អ្វីដែលសំខាន់បំផុតគឺត្រូវទទួលបានលទ្ធផល ។”
សូមជម្រាបថា ឥណ្ឌូណេស៊ីកំពុងឈរនៅលេខ៣ ក្នុងពូល C បន្ទាប់ពីឈ្នះ១ និងស្មើ៣ ក្រោយការប្រកួត៦លើក។ ការប្រកួតជម្រុះបន្ទាប់របស់ឥណ្ឌូណេស៊ីនៅខែមីនា នឹងជួបអូស្ត្រាលី ជាក្រុមលេខ២ វគ្គជម្រុះប្រចាំទ្វីបអាស៊ី ប៉ុន្តែក្រុមទាំង២ខុសគ្នាតែ១ពិន្ទុប៉ុណ្ណោះ៕
