ខេត្តរតនគិរី÷ បើយោងតាមហ្វេសប៊ុកផ្លូវការរបស់ការិយាល័យសុខាភិបាលប្រតិបត្តិបានលុងបានបញ្ជាក់ថា នៅវេលាម៉ោង៧និង៣៥នាទីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពក្នំកុក ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី ដោយទទួលបានដំណឹងតាមរយៈប្រធានមណ្ឌលសុខភាព បុគ្គលិកឆ្មបមណ្ឌលសុខភាពភ្នំកុកបានចុះទៅជួយសង្គ្រោះ ស្ត្រីសម្រាលកូននៅលើរថយន្តប្រកបដោយជោគជ័យ និងស្របតាមវិជ្ជាជីវៈនៅទីតាំងក្រុមហ៊ុនម៉ាងយ៉ាងខេ នៃស្រុកវើនសៃ ខេត្តរតនគិរី។

ស្ត្រីសម្រាលកូនមានឈ្មោះ វើយ ហាន់ ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិហាត់ប៉ក់ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី សម្រាលកូនទី៣។
ខណៈស្ត្រីខាងលើបានឈឺពោះរយ:ពេល១ម៉ោង ហើយប្ដីបាននាំមកសម្រាលនៅមណ្ឌលសុខភាពភ្នំកុក ក៏ប៉ុន្តែដោយសាររយៈចម្ងាយផ្លូវពីភូមិមកមណ្ឌលសុខភាពមានរយ:ចម្ងាយឆ្ងាយ និងស្ថានភាពផ្លូវលំបាកទៀតនោះ ទើបធ្វើឲ្យស្ត្រីឈឺពោះសម្រាលកូននៅតាមផ្លូវតែម្ដង។
បច្ចុប្បន្ន ស្ថានភាពម្ដាយនិងទារកមានសុវត្ថិភាពនិងសុខភាពល្អ ដែលស្ថិតក្នុងការថែទាំរបស់គ្រូពេទ្យផងដែរ៕



