ទីប្រឹក្សាភ្នាក់ងារឧតុនិយម AccuWeather បានឲ្យដឹងពីការខាតបង់ផ្នែកសេដ្ឋកិច្ច ដោយសារតែភ្លើងឆេះព្រៃនៅក្នុងតំបន់ Los Angeles នៃរដ្ឋកាលីហ្វ័រញ៉ា មានចំនួនជាង ២៥០ ពាន់លានដុល្លារ។
លោក Jonathan Porter ប្រធានឧតុនិយម AccuWeather បាននិយាយថា កម្លាំងខ្យល់ បង្កើននូវគ្រោះមហន្តរាយភ្លើងឆេះព្រៃយ៉ាងលឿនបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រអាមេរិកសម័យទំនើប ។
លោក បានបន្ថែមថា ការបំផ្លិចបំផ្លាញដែលបន្សល់ទុកគឺជារឿងដ៏គួរឲ្យសោកស្ដាយ ហើយចំនួនខាតបង់សេដ្ឋកិច្ច ក៏កំពុងកើនឡើងដូចគ្នា ។
យោងតាមការប៉ាន់ប្រមាណចុងក្រោយរបស់ទីភ្នាក់ងារនេះ បានបញ្ជាក់ថា ការខូចខាតសរុបមានចាប់ពី ២៥០ ទៅ ២៧៥ ពាន់លានដុល្លារ។
គួរបញ្ជាក់ថា ភ្លើងឆេះព្រៃ បានចាប់ផ្តើមរីករាលដាលនៅក្នុងទីក្រុង Los Angeles កាលពីថ្ងៃទី ៧ ខែមករា ដោយបំផ្លាញអគារជាង ១២,៣០០ ខ្នង ខណចំនួនអ្នកស្លាប់កើនឡើងបន្តបន្ទាប់ ៕
ដោយ៖ ពេជ្រ