ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានឲ្យដឹងថា ប៉ូលិស កំពុងពិនិត្យមើលការិយាល័យអាកាសយានដ្ឋាន Jeju Air និង Muan International Airport ដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ពួកគេលើករណីធ្លាក់យន្តហោះ កាលពីថ្ងៃអាទិត្យ។ ឧបទ្ទវហេតុនេះ បានសម្លាប់មនុស្ស ១៧៩ នាក់ ខណពីឡុត ២ នាក់ រួចជីវិត។
ការស្វែងរកនេះ បើតាមសេចក្តីរាយការណ៍ រួមមានការិយាល័យទីក្រុងសេអ៊ូលរបស់ប្រតិបត្តិករយន្តហោះ ក៏ដូចជាការិយាល័យអាកាសយានដ្ឋាន និងប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសផងដែរ។
ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ប៉ូលិសកំពុងស៊ើបអង្កេតគ្រោះថ្នាក់នេះដោយចោទប្រកាន់ពីការធ្វេសប្រហែសវិជ្ជាជីវៈដែលបណ្តាលឱ្យមនុស្សស្លាប់។ ពួកគេនិយាយថា ឯកសារ និងសម្ភារពាក់ព័ន្ធនឹងប្រតិបត្តិការ និងថែទាំយន្តហោះត្រូវបានរឹបអូស។
តាមរបាយការណ៍ក៏និយាយផងដែរថា នាយកប្រតិបត្តិ Jeju Air លោក Kim E-bae ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេសកូរ៉េខាងត្បូងក្នុងនាមជាសាក្សីដ៏សំខាន់ក្នុងហេតុការណ៍នេះ។
អ្នកជំនាញអាកាសចរណ៍បាននិយាយថា ការខូចខាតរបស់យន្តហោះត្រូវបានពង្រីកកាន់តែធំនៅពេលដែលវាបានបុករចនាសម្ព័ន្ធបេតុងបន្ទាប់ពីចុះចត។ រចនាសម្ព័ននេះមានចម្ងាយប្រហែល ២៥០ ម៉ែត្រពីចុងបញ្ចប់នៃផ្លូវរត់ជាមូលដ្ឋានគ្រឹះសម្រាប់ឧបករណ៍ណែនាំការចុះចតដែលហៅថា localizer។ ប៉ូលីសក៏កំពុងពិនិត្យមើលថាតើមានបញ្ហាអ្វីជាមួយឧបករណ៍របស់ព្រលានយន្តហោះ និងប្រព័ន្ធគ្រប់គ្រងការហោះហើរ។
មន្ត្រីក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូង ក៏កំពុងស្វែងរកដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់យន្តហោះនេះ ស្របពេលជាមួយនឹងអ្នកស៊ើបអង្កេតគ្រោះថ្នាក់អាកាសចរណ៍អាមេរិក។ ក្រសួងបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានបញ្ចប់ការបំប្លែងទិន្នន័យពីម៉ាស៊ីនថតសំឡេងរបស់យន្តហោះទៅជាឯកសារអូឌីយ៉ូ។ វាគ្រោងនឹងយកឧបករណ៍ថតសំឡេងហោះហើរយកមកវិភាគនៅសហរដ្ឋអាមេរិក៕
ដោយ៖ ពេជ្រ